នៅថ្ងៃទី 12 ខែកក្តដា ខាងមុខនេះក្រុមហ៊ុន Honor នឹងប្រារព្ធព្រឹត្តិការណ៍ប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Magic V3 Series ដែលមានដូចជា Magic V3 និង Vs3 នៅទីផ្សារប្រទេសចិន។ ថ្មីៗនេះ Honor ក៏បានធ្វើការបញ្ចេញនូវរូបភាពផ្លូវការណ៍ពីការរចនា ជម្រើសពណ៌ និងគុណសម្បត្តិមួយចំនួនរបស់ Magic V3 Series ផងដែរ។ Honor បានបញ្ជាក់ថា Magic V3 គឺមានកម្រាស់ស្តើងជាងជំនាន់ Magic V2 បច្ចុប្បន្ន ដែលជាស្មាតហ្វូនអេក្រង់បត់ស្តើងជាងគេក្នុងលោកថែមទៀតផង។ Magic V2 ដែលចេញឆ្នាំទៅមានកម្រាស់ត្រឹម 9.9mm នៅពេលបត់អេក្រង់ និងទម្ងន់ប្រមាណ 231 ក្រាមតែប៉ុណ្ណោះ។
បើតាមប្រភពព័ត៌មានថ្មីចុងក្រោយនេះបានបង្ហើបថា Honor Magic V3 នឹងមានថ្មទំហំធំដល់ 5,200mAh ដែលធំជាងថ្ម Magic V2 ប្រមាណ 200mAh។ ប្រភពដដែលបានបញ្ជាក់ទៀតផងថា ទោះបីជាបង្កើនទំហំថ្មធំជាងមុនបន្តិចក្តី ប៉ុន្តែ និយាយពីកម្រាស់វិញ គឺនឹងត្រូវបន្ថយមកនៅត្រឹម 9.7mm តែប៉ុណ្ណោះ គឺស្តើងជាង V2 ប្រមាណ 0.2mm។ ហើយសម្រាប់ទម្ងន់របស់ V3 វិញ ក៏នឹងស្រាលជាងផងដែរ ដោយបន្ថយមកនៅត្រឹម 226 ក្រាម។
សម្រាប់ជម្រើសពណ៌របស់ Magic V3 Series ត្រូវបាន Honor បញ្ជាក់ថ្មីៗនេះថា មានជម្រើសពណ៌ខ្មៅ ត្នោត ស និងបៃតង។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងមានស៊ុមតួរជាប្រភេទលោហៈដែលមានភាពធន់រឹងមាំ ព្រមទាំងគាំទ្របច្ចេវិទ្យាការពារជម្រាបទឹកកម្រិត IPX8 ថែមទៀតផង។ និយាយពីប្រព័ន្ធកាមេរ៉ាវិញ Honor Magic V3 Series នឹងមានដំឡើងមកជាមួយនូវកញ្ចប់លែនកាមេរ៉ាក្រោយទំហំ 50MP គាំទ្រមុខងា OIS រួមជាមួយលែន Ultrawide ហើយនិងលែន Periscope telephoto ដែលមានសមត្ថភាពកម្រិត 3.5x Optical-zoom ផងដែរ។
Magic V3 Series នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 66W Wired Fast Charging និង Wireless charging, ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Gen 3, មានប្រព័ន្ធរំញ័រជាមួយម៉ូទ័រប្រភេទ X-axis linear motor ក៏ដូចជាគាំទ្របច្ចេកវិទ្យា Satellite communication ទៀតផង។ ដោយឡែកសម្រាប់ម៉ូដែល Magic Vs3 វិញត្រូវបានគេដឹងថានឹងគាំទ្រការប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Gen 2 ជាមួយជម្រើសពណ៌ខ្មៅ ស និងបៃតង៕