
នៅក្នុងព្រឹត្តិការណ៍ WWDC 2023 ម្សិលមិញនេះ Apple បានធ្វើការប្រកាសចេញម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មី MacBook Air 15-inch ជាផ្លូវការណ៍ហើយ។ MacBook Air 15-inch គឺជាម៉ាស៊ីន Laptop ដែលមានកម្រាស់ស្តើង និងអេក្រង់ធំរបស់ពិភពលោក ហើយក៏ជាជំនាន់បន្តពី MacBook Air 13-inch ដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្នផងដែរ។
Apple MacBook Air 15-inch មានកម្រាស់ស្តើងត្រឹមតែ 11.5mm តែប៉ុណ្ណោះ ដែលធ្វើឲ្យ MacOS Laptop មួយនេះក្លាយជា Laptop ដែលមានកម្រាស់ស្តើងជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ សម្រាប់ទំងន់វិញ គឺត្រឹមតែ 1.496 គីឡូក្រាមតែប៉ុណ្ណោះ ដែលជាទំងន់ស្រាលបំផុតផងដែរសម្រាប់ Laptop ដែលមានអេក្រង់ទំហំ 15-inch។ Apple MacBook Air ជំនាន់ថ្មីនេះ បានបំពាក់នូវបន្ទះអេក្រង់ថ្មី New Retina Display ដែលមានកម្រិតពន្លឺ 500nits និងកម្រិតទឹកពណ៌ 1-Billion Colors។

ទោះជាយ៉ាងណា Apple នៅតែបន្តប្រើឈីប M2 ដែលបានប្រើនៅលើ MacBook Air 13-inch នៅលើ MacBook Air 15-inch ជំនាន់ថ្មីដដែល។ បន្ទះឈីបនេះបានភ្ជាប់មកជាមួយអង្គ CPU ចំនួន 8-core រួមនិង GPU ចំនួន 10-core និង 16-core Neural Engine ព្រមទាំងភ្ជាប់មកជាមួយរ៉េមទំហំ 8GB ស្រាប់ ប៉ុន្តែ Apple អនុញ្ញាតិឲ្យដាក់បន្ថែមរ៉េមបានដល់ទំហំ 24GB។ បើតាមការអះអាងពី Apple បានឲ្យដឹងថា សមត្ថភាព M2 នៅលើ MacBook Air 15-inch ថ្មីនេះ ប្រតិបត្តិការលឿនជាងម៉ូដែល MacBook Air បំពាក់ឈីប Intel ដល់ទៅ 12 ដង និងកាន់ថាមពលថ្មប្រើប្រាស់បានយូរដល់ទៅ 18 ម៉ោង។

ក្រៅពីនេះ Apple MacBook Air 15-inch នៅមានភ្ជាប់មកជាមួយរន្ធ USB-C/Thunderbolt ចំនួនពីរ, MagSafe Charging port, រន្ធដោតកាស 3.5mm, ម៉ាក្រូហ្វូនចំនួន 3 រន្ធ និង Speaker បំពងសំឡេងចំនួន 6 គ្រាប់។ MacBook Air 15-inch ថ្មីនេះមានជម្រើសពណ៌ ខ្មៅ (midnight), ទឹកមាស (starlight gold), ប្រផេះ (space gray) និងទឹកប្រាក់ (silver)។ Apple បានប្រកាសបើកឲ្យធ្វើការបញ្ជាទិញមុនបានសម្រាប់ MacBook Air 15-inch ថ្មីនេះចាប់ពីថ្ងៃប្រកាសចេញនេះទៅដែលមានតម្លៃខ្ទង់ $1,299 ហើយការនាំចេញនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះ៕
