ស្វែងរកពួកយើង:

Xiaomi បានធ្វើការផ្លាស់ប្តូរគណៈគ្រប់គ្រងសំខាន់ៗនៅក្នុងឧស្សាហកម្មផលិតរថយន្តរបស់ខ្លួន

ដោយ

Koun Jab Luffy

07 មិថុនា 2023 12:56 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះក្រុមហ៊ុន Xiaomi បានធ្វើការផ្លាស់ប្តូរនាយកប្រតិបត្តិសំខាន់ៗ រួមទាំងការកែតម្រូវមុខតំណែងថ្នាក់ខ្ពស់ផងដែរ។ ក្នុងនោះ លោក Huang Zhenyu ដែលពីមុនជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មរថយន្ត បានចូលកាន់តួនាទីបន្ថែមជា អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងផ្នែកដូចគ្នា។ លោក Zhenyu មានតួនាទីសំខាន់ក្នុងាការរាយការណ៍ដោយផ្ទាល់ទៅកាន់លោក Lei Jun ដែលជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន ហើយក៏ជានាយកប្រតិបត្តិជាន់ខ្ពស់នៃនាយកដ្ឋានឧស្សហកម្មរថយន្តរបស់Xiaomi ផងដែរ។
ក្រុមហ៊ុន Xiaomi បានធ្វើការផ្លាស់ប្តូរនៅក្នុងនាយកដ្ឋានបុគ្គលិករបស់ខ្លួនគួរឲ្យកត់សំគាល់ ដោយបានតំឡើងនាយកប្រតិបត្តិជាន់ខ្ពស់លោក Huang Zhenyu ពីឧស្សាហកម្មគ្រឿងបន្លាស់រថយន្តឱ្យចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មរថយន្ត។ លោក Zhenyu ដែលពីមុនកាន់តំណែងជាអនុប្រធាននៅក្នុងតំបន់ Magna ក្នុងប្រទេសចិន និងជាអ្នកផ្គត់ផ្គង់នៅក្នុងពិភពលោកដ៏លេចធ្លោ និងមានបទពិសោធន៍ និងជំនាញជាច្រើននៅក្នុងវិស័យរថយន្ត។
ជាលទ្ធផលនៃការអភិវឌ្ឍន៍នេះ Zhenyu បានទទួលខុសត្រូវលើអាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់នៅក្រុមហ៊ុន Xiaomi ខណៈពេលដែល Li Xiaoshuang អនុប្រធានផ្នែករថយន្ត Xiaomi បានផ្លាស់ប្តូរទៅផ្តោតលើកិច្ចប្រតិបត្តិការទីផ្សារវិញ។ លើសពីនេះ លោក Xiaoshuang បានកាន់តួនាទីជាអ្នកគ្រប់គ្រងទូទៅនៅក្នុងនាយកដ្ឋានទីផ្សាររថយន្ត និងជាអ្នករាយការណ៍ដោយផ្ទាល់ទៅលោក Lei Jun ដែលជានាយកប្រតិបត្តិនៃផ្នែករថយន្តរបស់ Xiaomi។
ជាមួយការផ្លាស់ប្តូរតួនាទីសំខាន់នេះ លោក Li Xiaoshuang ដែលពីមុនជាអ្នកគ្រប់គ្រងទូទៅនៃផ្នែកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុន Xiaomi Group បានដើរតួយ៉ាងសំខាន់នៅក្នុងផ្នែកផលិតរថយន្តរបស់ Xiaomi។ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងក្រុមហ៊ុន លោក Xiaoshuang ត្រូវបានចាត់ទុកថា ជាបុគ្គលិកជើងចាស់នៃក្រុមហ៊ុន Xiaomi ថែមទៀតផង។
Article image
គួរកត់សម្គាល់ថា យោងទៅលើរបាយការណ៍ថ្មីៗនេះ បានបង្ហាញថា លោក Wen Fei ដែលជានាយកប្រតិបត្តិមកពីក្រុមហ៊ុន Great Wall Motors ត្រូវបានជ្រើសរើសដោយ CEO Lei Jun ដើម្បីដឹកនាំផ្នែកទីផ្សារ។ បច្ចុប្បន្ននេះ ការខិតខំប្រឹងប្រែងនៅក្នុងផ្នែកឧស្សាហកម្មផលិតរថយន្តរបស់ក្រុមហ៊ុន Xiaomi កំពុងដំណើរការយ៉ាងរលូន ហើយក្រុមហ៊ុន ក៏កំពុងស្ថិតនៅលើផ្លូវបិទបញ្ចប់ក្នុងការប្រកាសចេញលក់រថយន្តដំបូងរបស់ខ្លួននៅឆ្នាំក្រោយ (2024) ផងដែរ៕
Xiaomi បានធ្វើការផ្លាស់ប្តូរគណៈគ្រប់គ្រងសំខាន់ៗនៅក្នុងឧស្សាហកម្មផលិតរថយន្តរបស់ខ្លួន