
បន្ទាប់ពីមានការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន Mate60 Pro ប្រទេសចិន ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Huawei ទំនងជានឹងត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនបានវិញហើយ។ បើតាមសង្វាក់ផលិតកម្មទៅលើស្មាតហ្វូន Huawei Mate 60 series បានបង្ហាញថា Huawei Mate 60 Pro គឺមានការប្រើប្រាស់នូវសមាសភាគសម្រាប់ការផលិតនៅក្នុងស្រុកចស្ទើរតែទាំងស្រុងតែម្តង។ គិតមកដល់ពេលនេះ ក្រុមហ៊ុន Huawei បានទិញកយកក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងស្រុកចំនួន 46 ហើយនិងមានដៃគូរផ្គត់ផ្គង់សមាសភាគដល់ទៅជាង 10,000 ផ្នែកឯណោះ។ និយាយទៅ Huaweiប្រើប្រាស់សមាសភាគក្នុងស្រុកដល់ទៅ 90%។
សូមជំរាបថា កាលពីឆ្នាំ 2019 កន្លងមក ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូន Mate 30 Series ដែលកាលនោះ គឺប្រើប្រាស់សមាសភាគក្នុងស្រុកត្រឹមតែ 30% ហើយនៅឆ្នាំ 2021 ជាមួយវត្តមាន Huawei Mate 40E ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះ មានអ្នកផ្គត់ផ្គង់ក្នុងស្រុកកើនឡើងដល់ទៅ 60%។ ងាកមកវត្តមានរបស់ Huawei Mate 60 Pro វិញ អ្វីដែលយើងមើលឃើញថា មានការអាប់ដែតខ្លាំងមែនទែន ក្នុងការប្រើប្រាស់នូវបន្ទះឈីប Kirin ដែលបានអភិវឌ្ឍឡើងដោយខ្លួនឯងផ្ទាល់។ ហើយសម្រាប់ផ្នែកផ្សេង ដែលគេមើលឃើញថាថ្មី នោះគឺប្រើប្រាស់នូវអង្គចងចាំរបស់ក្រមហ៊ុន Hynix ដែលជាក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមានទំហំ 512GB ខណៈដែលទំហំ 256GB និងទំហំ 1TB មិនទាន់បានបញ្ជាក់នោះទេ។

យោងតាមប្រភពនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យានេះ បានបញ្ជាក់ថា Huawei Mate 60 Series អាចនឹងមានការលក់ចេញបានលើសពី 10 លានគ្រឿង ខណៈដែលលោក Ming-Chi Kuo បានព្យាករណ៌ថា ការនាំចេញស្មាតហ្វូន Huawei Mate 60 Pro អាចនឹងនាំចេញបាន 12 លានគ្រឿង បន្ទាប់ពីការប្រកាសចេញបាន 12 ខែ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏ត្រូវបានគេដឹងថា នឹងមានការនាំចេញកើនឡើងថែមទៀតនៅពេលខាងមុខ បន្ទាប់ពីមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីជាបន្តបន្ទាប់។ ផ្អែកតាមរបាយការណ៌កន្លងមក ធ្លាប់មានការបញ្ជាក់ថា Huawei នឹងមានការនាំចេញស្មាតហ្វូនរបស់ខ្លួនចំនួនចាប់ពី 30 លានគ្រឿងទៅ 40 លានគ្រឿង។
