
ក្រោយពីបានប្រកាសដាក់ឲ្យធ្វើបច្ចុប្បន្ន iOS17 ជាផ្លូវការណ៍រួចមក Apple ក៏បានបញ្ចេញ Firmware ថ្មីសម្រាប់កាសជំនាន់ថ្មី AirPods Pro ផងដែរ ដោយ Firmware ថ្មីរបស់ AirPods Pro មានភ្ជាប់មកជាមួយមុខងារថ្មីៗជាច្រើនក្នុងនោះក៏មានមុខងារ Adaptive Audio ផងដែរ។ ដែលមុខងារ Adaptive Audio នេះបានរួមបញ្ចូលនូវមុខងារ Transparency និង Noise Cancellation Mode ហើយធ្វើឱ្យមានតុល្យភាពរវាងមុខងារទាំងពីរនេះដោយផ្អែកលើបរិយាកាសខាងក្រៅ។ ហើយអ្វីដែលពិសេសនោះ Apple បានសម្រេចប្រើប្រាស់មុខងារ GPS នៅលើ iPhone ដើម្បីធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធ Adaptive Audio នៅលើ AirPods Pro ផងដែរ។
បន្ថែមពីលើ Adaptive Audio ដែលមានមកជាមួយ Firmware ថ្មីនេះ គឺមានភ្ជាប់មកជាមួយ Personalized Volume ដែលលៃតម្រូវកម្រិតសំឡេងប្រព័ន្ធកម្សាន្តដោយផ្អែកលើលក្ខខណ្ឌបរិស្ថាន និងការយល់ដឹងអំពីការសន្ទនា ដែលកាត់បន្ថយកម្រិតសំឡេងប្រព័ន្ធកម្សាន្ត និងបង្កើនសំឡេងនៅចំពោះមុខអ្នកនៅពេលអ្នកចាប់ផ្តើមធ្វើការសន្ទនា។ ជំនួសឲ្យការពឹងផ្អែកទៅលើរន្ធ microphones និងសែនស័រជំនួយផ្សេងៗទៀត Apple បានសម្រេចក្នុងការប្រើប្រាស់ប្រព័ន្ធ GPS របស់ iPhone ដើម្បីកំណត់ទៅលើប្រព័ន្ធសំឡេង នៅពេលដែលអ្នកប្រើប្រាស់ស្ថិតនៅក្នុងទីតាំងដែលមានសំឡេងរំខានខ្លាំង ដើម្បីកែតម្រូវកម្រិត Adaptive Audio។ ឧទាហរណ៍ កាសAirPods Pro នឹងប្តូរទៅមុខងារ Transparency Mode ដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកប្រើប្រាស់កំពុងដើរតាមផ្លូវ។
AirPods Pro គឺជាកាសដំបូងរបស់ Apple ដែលមានប្រអប់ប្រើប្រាស់រន្ធសាកថ្មប្រភេទ USB-C ក៏ដូចជាប្រើប្រាស់បច្ចេកវិទ្យាតភ្ជាប់កម្រិត 5GHz wireless protocol ដើម្បីធ្វើការបញ្ចេញកម្រិតសំលេង Lossless audio នៅពេលភ្ជាប់ជាមួយឧបករណ៍ Apple Vision Pro ផងដែរ៕
