
ក្រុមហ៊ុន Apple បានធ្វើការដាក់បញ្ចូលនូវគ្រប់ម៉ូដែល Apple Watch ជំនាន់ទី 1 របស់ខ្លួន ដែលបានប្រកាសចេញក្នុងឆ្នាំ 2015 ទៅក្នុងបញ្ជីផលិតផលដែលលែងប្រើបានរបស់ខ្លួន ឬ “Obsolete Products List” ចាប់តាំងពីថ្ងៃទី 30 ខែ កញ្ញា នេះបើយោងតាមប្រភពព័ត៌មានដែលបណ្តាញ MacRumors ទទួលបាន និងបានចុះផ្សាយ។ ជាលទ្ធផល នាឡិកា "Apple Series 0" ដែលហួសសម័យទាំងអស់នោះ គឺលែងមានសិទ្ធិសម្រាប់ការជួសជុល ឬសេវាកម្មផ្សេងទៀតពីហាង Apple Stores ក៏ដូចជាកន្លែងផ្តល់សេវាដែលមានការអនុញ្ញាតពី Apple ទៀតហើយ។
នៅក្នុងបញ្ជីសម្រាប់ម៉ូដែលនាឡិកាដែលលែងប្រើការបានរួមមានដូចជា Apple Watch Edition ជំនាន់ទី 1ដែលមានស៊ុមស្រោបដោយមាស 18 ការ៉ាត់ ដែលមានតម្លៃរហូតដល់ $17,000 នៅសហរដ្ឋអាមេរិក កាលពីពេលចេញលក់ដំបូងក្នុងឆ្នាំ 2015។ ហើយនាឡិកា Apple Watch Series Gold Edition ត្រូវបាន Apple បញ្ឈប់ការផលិតសម្រាប់ជំនាន់បន្ទាប់ដែលចេញនៅឆ្នាំ 2016 ដោយត្រូវបានជំនួសមកវិញនូវម៉ូដែលសេរ៉ាមិច ឬ Apple Watch Series Ceramic Edition ដែលជានាឡិកាមានភាពប្រណីតហើយមានតម្លៃសមរម្យជាង Watch Series Gold Edition ដោយកាលនោះ Apple បានចេញលក់ក្នុងតម្លៃខ្ទង់ $1,299។ ចូលដល់ឆ្នាំ 2018 ក្រុមហ៊ុន Apple ក៏បានសម្រេចបញ្ចេញ Apple Watch ម៉ូដែល Solid-Gold Edition មួយទៀត។
សម្រាប់ការដាក់បញ្ចូលនាឡិកាដៃជំនាន់ដំបូងរបស់ខ្លួននៅក្នុងបញ្ចី Obsolete Products List គឺមានទាំងម៉ូដែល 38mm និង 42mm ទាំងម៉ូដែលប្រើស៊ុម Aluminum និង Stainless Steel ក៏ដូចជាម៉ូដែលពិសេស Hermes Edition ផងដែរ។ សូមបញ្ជាក់ថា Apple បានចាត់ថ្នាក់ផលិតផលមួយ ថាជាផលិតផលបច្ចេកវិទ្យាដែលលែងប្រើបាន គឺជាផលិតផលដែលមានរយះពេលនៃការប្រើប្រាស់លើសពីប្រាំពីរឆ្នាំ គឺគិតចាប់តាំងពីក្រុមហ៊ុនឈប់ចែកចាយលក់ផលិតផលទាំងនោះទៀត។ ហើយនាឡិកា Apple Watch Series 1ដែលចេញក្នុងឆ្នាំ 2015 ត្រូវបាន Apple បញ្ឈប់ការចែកចាយលក់បន្តទៀតនៅខែកញ្ញា ឆ្នាំ 2016 បន្ទាប់ពីក្រុមហ៊ុនបានធ្វើការប្រកាសចេញ Apple Watch Series 2។

យ៉ាងណាមិញ Apple មិនទាន់បានធ្វើបច្ចុប្បន្នភាពបញ្ជីផលិតផលចាស់ និងលែងប្រើជាសាធារណៈដើម្បីធ្វើការបញ្ជាក់ពីការបន្ថែមទាក់ទងនឹងផលិតផលដែលលែងប្រើការបានទាំងនេះនៅឡើយទេ ប៉ុន្តែ រំពឹងថា Apple នឹងធ្វើការប្រកាសចេញជាសាធារណៈក្នុងពេលឆាប់ៗខាងមុខនេះ៕
