ក្រុមហ៊ុនម៉ាករថយន្ត Leapmotor ដែលស្ថិតនៅក្រោមដំបូលរបស់ក្រុមហ៊ុន Stellantis បានប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Leapmotor B10 ដែលជាប្រភេទរថយន្ត Compact Crossover នៅក្នុងប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $13,580។ Leapmotor B10 ជាដៃគូប្រជែងទីផ្សារក្នុងស្រុកជាមួយនឹងរថយន្ត BYD Atto 3 ឬ Yuan Plus នៅក្នុងប្រទេសចិន។ Leapmotor B10 គាំទ្រប្រព័ន្ធសាកភ្លើងកំលាំង 800V high-voltage system, ប្រព័ន្ធសែនស័រ LiDAR និងមានសមត្ថភាពអាចជិះបានចម្ងាយផ្លូវ 600km នៅពេលសាកថ្មពេញម្តង។
Leapmotor B10 ត្រូវបានក្រុមហ៊ុនបើកទទួលការកក់ទុកមុនកាលពីថ្ងៃទី 11 ខែមីនា កន្លងទៅ ដោយមានតម្លៃចាប់ពីខ្ទង់ $14,940 និងទទួលបានការកក់មុនចំនួន 15,000 គ្រឿង ក្នុងរយះពេលត្រឹមតែ 1 ម៉ោងបន្ទាប់ពីការប្រកាសបើកទទួលការបញ្ជាទិញ។ Leapmotor B10 មានការឌីស្សាញរូបរាងយ៉ាងប្រណិតទំនើបទាន់សម័យជាមួយដៃទ្វារលាក់ប្រភេទ retractable door handles, មានប្រព័ន្ធសែនស័រ LiDAR នៅលើដំបូល, ប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch និងមានជម្រើសពណ៌រហូតដល់ទៅ 7 ពណ៌សម្រាប់ការជ្រើសរើស។ រថយន្តនេះមានប្រវែងបណ្តោយ 4,515mm/ ទទឹង 1,885mm/ កំពស់ 1,655mm និងគម្លាតចន្លោះកង់មុខទៅក្រោយ 2,735mm។ បើធៀបនឹង BYD Atto 3 រថយន្តនេះមានបណ្តោយវែងជាង 60mm/ ទទឹងវែងជាង 10mm ប៉ុន្តែមានកំពស់ទាបជាង 40mm។
ផ្នែកខាងក្នុងរបស់ Leapmotor B10 មានជម្រើសពីរពណ៌ គឺពណ៌ប្រផេះ និងពណ៌ស្វាយ។ នៅផ្នែកកណ្តាលនៃ Dashboard មានបំពាក់នូវអេក្រង់កម្សាន្តទំហំ 14.6-inch គាំទ្រកម្រិតបង្ហាញ 2.5K ជាអេក្រង់ Touchscreen រួមនិងអេក្រង់បង្ហាញព័ត៌មានរថយន្តនៅខាងក្រោយដៃចង្កូតទំហំ 8.8-inch LCD Instrument Cluster។ ប្រព័ន្ធដំណើរការនៅក្នុងកាប៊ីនរបស់ B10 គាំទ្រដោយបន្ទះឈីប Snapdragon 8155 របស់ Qualcomm ជាមួយប្រតិបត្តិការ Leapmotor OS 4.0 Plus ដែលមានភ្ជាប់មកជាមួយបច្ចេកវិទ្យា AI Voice interaction model។ ហើយអេក្រង់ 14.6-inch របស់ Leapmotor B10 ក៏គាំទ្រការតភ្ជាប់ជាមួយកម្មវិធី Huawei HiCar និង Apple CarPlay ផងដែរ។
Leapmotor B10 ម៉ូដែល Top trim មានបំពាក់ប្រព័ន្ធកៅអីអេឡិចត្រូនិច កន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែកំលាំង 15W និងប្រព័ន្ធបំពងសំឡេង 12 គ្រាប់។ បន្ថែមពីនេះ ម៉ូដែលនេះ ក៏មានភ្ជាប់នូវប្រព័ន្ធសែនស័រ LiDAR នៅលើដំបូល មានសែនស័រកាមេរ៉ាទំហំ 8MP ចំនួនពីរគ្រាប់នៅផ្នែកខាងមុខ, សែនស័រកាមេរ៉ាទំហំ 3MP ចំនួន 4 គ្រាប់សម្រាប់ការបង្ហាញមួយជុំរថយន្ត, សែនស័រ Ultrasonic ចំនួន 12 គ្រាប់ និងសែនស័រ Millimeter-wave radar ចំនួន 3 គ្រាប់បន្ថែមទៀត។ ហើយនៅមុនដំណាច់ឆ្នាំ 2025 នេះ B10 ក៏នឹងទទួលបានមុខងារ Navigate on Autopilot (NOA) សម្រាប់ការបើកបរនៅលើដងវិថីក្នុងទីក្រុងថែមទៀតផង។
Leapmotor B10 ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធស្តង់ដារ Leap 3.5 modular architecture ដែលគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 800V high-voltage system។ សម្រាប់ម៉ូដែល entry-level គឺមានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយជាប្រភេទ e-Motor ភ្ជាប់នៅផ្នែកខាងក្រោយមានកំលាំង 177 សេះ និងមួយម៉ូដែលផ្សេងទៀតប្រើម៉ូទ័រកំលាំង 215 សេះ។ ម៉ូដែលនេះ ប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីទំហំ 56.2kWh ជាប្រភេទ LFP ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 510km តាមស្តង់ដារតេស្ត CLTC។ ចំនែកម៉ូដែល High-trim បំពាក់កញ្ចប់អាគុយទំហំ 67.1kWh LFP សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 600km។
សម្រាប់ Leapmotor B10 ដែលប្រើកញ្ចប់អាគុយទំហំ 56.2kWh សាកបញ្ចូលថាមពលពី 30% ទៅ 80% ចាយពេលប្រមាណ 19 នាទី ខណៈម៉ូដែលប្រើកញ្ចប់ថ្ម 67.1kWh សាកពី 30% ទៅ 80% ចាយពេលប្រមាណ 20 នាទី។ បើធៀបនឹងការសាកភ្លើងនៅលើម៉ូដែល BYD Atto 3 ដែលសាកពី 30% ទៅ 80% ចាយពេលប្រមាណ 30 នាទី។ Leapmotor B10 ក៏ត្រៀមខ្លួនបង្ហាញវត្តមាននៅទីផ្សារឯនាយសមុទ្ទ រួមទាំងទីផ្សារក្នុងតំបន់អឺរ៉ុបផងដែរក្នុងពេលឆាប់ៗនេះ៕
តម្លៃរបស់ Leapmotor B10 តាមម៉ូដែលនីមួយៗ៖
•Leapmotor B10-510 Comfort មានតម្លៃប្រហែល $13,580
•Leapmotor B10-510 Enjoy មានតម្លៃប្រហែល $14,940
•Leapmotor B10-510 LiDAR មានតម្លៃប្រហែល $16,300
•Leapmotor B10-600 Joy មានតម្លៃប្រហែល $16,300
•Leapmotor B10-600 LiDAR មានតម្លៃប្រហែល $17,660៕