
អីចឹងនេះគឺជាឡាន GAC Trumpchi S9 ដែលជា SUV ប្រណីតថ្មី ទើបបានបង្ហាញខ្លួនជាផ្លូវការ នៅកម្មវិធី Shanghai Auto Show សម្រាប់ទីផ្សារប្រទេសចិន ដើម្បីប្រជែងជាមួយនឹង Range Rover។
អ្វីដែលពិសេសេនោះគឺ Trumpchi S9 បានបំពាក់ជាមួយនឹងម៉ាស៊ីនប្រភេទ Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំង ចំណុះ 1.5L Turbo ទំហំ 4 ស៊ីឡាំង កម្លាំង 160 HP អមដោយម៉ូទ័រអគ្គិសនីមួយ កម្លាំង 231 HP ហើយប្រើប៉ុង 2 (AWD) ដែលជាលទ្ធផលធ្វើឲ្យវា អាចបង្កើតកម្លាំងបានសរុប 392 HP។ ដោយឡែក សម្រាប់ Trumpchi S9 ដែលមាន Option ខ្ពស់បំផុត នឹងមានកម្លាំងសរុប រហូតដល់ទៅ 501 HP ឯណោះ។

បើនិយាយពីរូបរាងវិញ Trumpchi S9 ពិតជាមានការឌីហ្សាញទាក់ទាញខ្លាំង និងមើលទៅប្រណីត តែម្តង មិនឲ្យចាញ់ឡានអឺរ៉ុបនោះទេ។ នៅផ្នែកខាងមុខ វាបំពាក់អំពូល Daytime Running Light រាងស្លីមមួយឈ្នូត លាតពេញផ្នែកខាងមុខ និងចង្កៀងមុខ LED អមដោយប៉ាណាមុខផ្នែកខាងក្រោយ ពណ៌ខ្មៅ និងមានរន្ធបឺតខ្យល់ដ៏ធំ នៅផ្នែកចំហៀងសងខាង ផងដែរ។

ជាមួយគ្នានេះដែរ វាបានបំពាក់ដៃទ្វារលិបចេញចូលក្នុងតួខ្លួនឡាន រំលេចនូវប្រណីតភាព និង ការប្រើពណ៌បែប Two-tone មានហាយឡាយក្រូមេមួយជុំឡាន ក៏ដូចជា យ៉ាន់កង់ដ៏ធំ រចនាបែបស្ព័រ ពិតជាទាក់ទាញតែម្តង ខណៈស្តុប LED ខាងក្រោយរបស់វា ក៏រចនារាងស្លីម ជាប់គ្នា យ៉ាងស្រស់ស្អាត ផងដែរ។ សូមបញ្ជាក់ថា Trumpchi S9 មានប្រវែងតួខ្លួន 5.06m ទទឹង 1.95m កម្ពស់ 1.76m និង គម្លាងពីកង់មុខទៅកង់ក្រោយ 2.93m។

ក្រឡេកទៅមើលការរចនាផ្នែកខាងក្នុងវិញ កាន់តែប្រណីត និងទំនើប ជាមួយនឹងការបំពាក់ដៃចង្កូត រចនាបែប 2 កាំ, កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត Touchscreen ផ្នែកកណ្តាលធំ អមដោយការប្រើប្រាស់ស្បែក ហាយឡាយជាមួយឈើ ពេញកាប៊ីន ថែមទាំងមាន កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង ប្រព័ន្ធភ្លើងឌីម Ambient Lighting ទៀតផង។

យ៉ាងណាមិញ Trumpchi S9 គឺជាឡាន SUV ប្រភេទ 6 កៅអី ដោយកៅអីជួរទី 2 ជាប្រភេទកៅអីធំ ហើយថែមទាំងមាន អេក្រង់កម្សាន្តផ្នែកខាងក្រោយ ទំហំធំ ទម្លាក់ចុះពីលើដំបូល អមដោយតុបត់ និង អេក្រង់តូចមួយទៀត សម្រាប់បញ្ជាលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងតន្ត្រី ផងដែរ។ ចំពោះកៅអីធំជួរទី 2 របស់វា គឺអាចចុចសារ៉េអូតូ ហើយថែមទាំងមានមុខងារក្តៅ-ត្រជាក់ និងម៉ាស្សា ដែលកាន់តែផ្តល់អារម្មណ៍ផាសុកភាពខ្ពស់ និងបែបប្រណីត សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ៕
