
យោងតាមសេចក្តីរាយការណ៌ថ្មីថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងមានគម្រោងនៅក្នុងការនាំយកត្រឡប់មកវិញនូវបន្ទះឈីប Exynos ជំនាន់ថ្មី មកប្រើនៅលើស្មាតហ្វូន Samsung របស់ខ្លួន។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុននេះ អាចនឹងចាប់ផ្តើមបំពាក់នូវបន្ទះឈីបថ្មីនេះ ទៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Flagship Galaxy របស់ខ្លួន ខណៈពេលដែលស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Samsung ធ្លាប់តែប្រើប្រាស់នូវបន្ទះឈីប Flagship Galaxy នោះ។
តាមរបាយការណ៍ថ្មីមួយបានអះអាងថា ស្មាតហ្វូនស៊េរីថ្មី Galaxy Z Flip 7 អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500 បើទោះបីជាកន្លងមកមានព័ត៌មានជាច្រើនបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy Z Fold 7 នេះ នឹងបន្តប្រើប្រាស់នូវបន្ទះឈីប Snapdragon ដដែលនោះ។ សូមជំរាបថា មុននេះ ក៏មានរបាយការណ៍ជាច្រើន បញ្ជាក់ថា ក្រុមហ៊ុន Samsung គឺនឹងមានការនាំយកនូវបន្ទះឈីប Exynos មកវិញនៅឆ្នាំនេះផងដែរ សម្រាប់ស្មាតហ្វូនប្រភេទបត់បានរបស់ខ្លួន ហើយឈីបនេះ ក៏អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Z Flip FE ផងដែរ។

ស្មាតហ្វូនអេក្រង់បត់បានដែលមានតម្លៃសមរម្យនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2400e ដែលបន្ទះឈីបនេះ ក្រុមហ៊ុន Samsung បានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 FE ផងដែរ។ នៅថ្ងៃនេះ មានរបាយការណ៍ បានអះអាងថា ស្មាតហ្វូន Galaxy Z Flip 7 នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500។ សម្រាប់ការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូននេះ គឺនឹងចាប់ផ្តើមនៅខែក្រោយនេះ ហើយក្រុមហ៊ុន Samsung ក៏មានគោលដៅក្នុងការផលិតស្មាតហ្វូនចំនួន 200,000 គ្រឿង នៅត្រឹមតែមិថុនានេះ។ ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូន Galaxy Z Flip 7 និង Fold 7 នៅក្នុងខែកក្កដានេះ៕
