ស្វែងរកពួកយើង:

Samsung នាំមុខ Apple ក្នុងការលក់ស្មាតហ្វូននៅត្រីមាសទី 1 ក្នុងឆ្នាំ 2025 ជាមួយការនាំចេញចំនួនជាង 60 លានគ្រឿង

ដោយ

Koun Jab Luffy

03 ឧសភា 2025 07:32 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung នៅតែបន្តឈរនៅកំពូលតារាងក្នុងការលក់ស្មាតហ្វូននៅត្រីមាសទី 1 ក្នុងឆ្នាំ 2025 នេះ។ យោងតាមរបាយការណ៍របស់ Canalys បង្ហាញថា Samsung លក់ស្មាតហ្វូនបានច្រើនជាងក្រុមហ៊ុន Apple ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ។ ហើយសម្រាប់ភាពជោគជ័យក្នុងការនាំឲ្យ Samsung បន្តឈរនៅកំពូលតារាងក្នុងការលក់ គឺដោយសារតែវត្តមាននៃកំពូលស្មាតហ្វូន Galaxy S25 Series។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ បានបង្ហាញវត្តមានមកជាមួយនឹងការប្រើប្រាស់ផ្នែក Hardware និង Software ថ្មីចុងក្រោយបំផុត ដែលជាកត្តាជួយឲ្យ Samsung មានទីផ្សារល្អជាងបើធៀបនឹង iPhone 16 របស់ Apple។
តាមរបាយការណ៍បានបង្ហាញថា ការនាំចេញស្មាតហ្វូនសរុបមានចំនួន 296.9 លានគ្រឿងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 កើនឡើងប្រមាណ 0.2% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ 2024។ ក្នុងត្រីមាសទីមួយ Samsung បាននាំចេញស្មាតហ្វូនសរុបបានចំនួន 60.5 លានគ្រឿង មានចំនែកទីផ្សារសរុបប្រមាណ 20% នៅលើទីផ្សារស្មាតហ្វូនពិភពលោក។ តួរលេខនេះ ឃើញថាមានកំណើនតិចតួចប៉ុណ្ណោះ បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ 2024 ដែលបាននាំចេញចំនួន 60 លានគ្រឿង។
ចំនែកក្រុមហ៊ុន Apple វិញ បានតាមពីក្រោយ Samsung ដោយបាននាំចេញ iPhone បានចំនួន 55 លានគ្រឿង មានចំនែកទីផ្សារសរុបប្រមាណ 19%។ ការនាំចេញ iPhone មានការកើនឡើងខ្ពស់បើធៀបនឹងការនាំចេញក្នុងត្រីមាសទីមួយក្នុងឆ្នាំ 2024 ដោយបាននាំចេញចំនួន 48.7 លានគ្រឿងមានចំនែកទីផ្សារ 16% ដែលនេះ គឺមានន័យថា ការនាំចេញ iPhone ពី Apple មានការកើនឡើងប្រចាំឆ្នាំប្រមាណ 13%។
ដោយឡែកក្រុមហ៊ុនក្នុងប្រទេសចិន Xiaomi វិញបានឈរនៅចំណាត់ថ្នាក់លេខបីនៃការនាំចេញក្នុងត្រីមាសដំបូងនៃឆ្នាំ 2025 ដោយក្រុមហ៊ុននេះបានធ្វើការនាំចេញស្មាតហ្វូនចំនួន 41.8 លានគ្រឿង មានចំនែកទីផ្សារសរុប 14% រីឯ vivo បានឈរនៅលេខរៀងទីបួនជាមួយការនាំចេញស្មាតហ្វូនបានចំនួន 22.9 លានគ្រឿង មានចំណែកទីផ្សារ 8% និង OPPO ឈរនៅលេខរៀងទី 5 ជាមួយការនាំចេញស្មាតហ្វូនបានចំនួន 22.7 លានគ្រឿង មានចំនែកទីផ្សារសរុប 8%។
Article image
សម្រាប់ស្រឡាយស្មាតហ្វូនដែលជួយឲ្យSamsung បន្តគ្រោងដំណែងកំពូលតារាង គឺ Galaxy S25 Series និង Galaxy A Series។ ចំនែក Apple គឺជាក្រុមហ៊ុនដែលមានសន្ទុះក្នុងការនាំចេញស្មាតហ្វូនកើនឡើងខ្លាំង ប៉ុន្តែ នៅតែមិនអាចនាំមុខ Samsung បានក្នុងពេលនេះ។ ទោះជាយ៉ាងណាយើងនឹងរងចាំមើលបន្តទៀត ព្រោះថាក្រុមហ៊ុនទាំងពីរនេះបានត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ថ្មីដើម្បីប្រជែងទីផ្សារ ដូច្នេះរងចាំមើលថា តើ Apple អាចទម្លាក់ Samsung ឡើងមកឈរនៅកំពូលតារាងបានដែល ឬទេក្នុងឆ្នាំនេះ៕
Samsung នាំមុខ Apple ក្នុងការលក់ស្មាតហ្វូននៅត្រីមាសទី 1 ក្នុងឆ្នាំ 2025 ជាមួយការនាំចេញចំនួនជាង 60 លានគ្រឿង