
នេះគឺជាភីកអាប់ Mitsubishi Triton Savana ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួន សម្រាប់ទីផ្សារប្រទេសប្រេស៊ីល ហើយវាមានតម្លៃរហូតដល់ទៅ $65,000 ឯណោះ ជាមួយនឹងការផលិតមានចំនួនកំណត់ ត្រឹមតែ 80 គ្រឿងប៉ុណ្ណោះ។
Mitsubishi Triton Savana ថ្មីនេះ នៅតែបន្តប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.4L Turbo ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបាន 202 HP និង កម្លាំងរមួល 470 NM ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 ប្រចាំត្រកូលរបស់ Mitsubishi គឺ Super Select II 4WD System ដែលអាចផ្លាស់ប្តូរ Drive Mode ដល់ទៅ 7 ប្រភេទឯណោះ។

អ្វីដែលជាចំណុចខុសគ្នាលើ Triton Savana និង Triton ធម្មតានោះ គឺការបន្ថែមនូវគ្រឿងលេងជាច្រើន ក៏ដូចជា ពណ៌ផ្តាច់មុខចំនួន 2 គឺ Rally Yellow និង Forest Green។ គ្រឿងតុបតែងបន្ថែមលើ Triton Savana មានដូចជា ឈ្នាន់ជើង, ជើងទម្រលើដំបូល, ហឺយខ្យល់ម៉ាស៊ីន ដែលអនុញ្ញាតឲ្យវាអាចចុះទឹកបានជម្រៅ 500 ទៅ 800mm, យ៉ាន់កង់ Alloy ពណ៌ខ្មៅ ទំហំ 18 អ៊ីញ និង សំបកកង់ប្រភេទ Cross ផងដែរ។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាបានបំពាក់ Option ទំនើបៗជាច្រើន ដូចជា ពូកស្បែក មានហាយឡាយថ្នេរដេរពណ៌ក្រហម, អេក្រង់កម្សាន្ត Touchscreen ទំហំ 9 អ៊ីញ, កុងទ័រទំហំ 7 អ៊ីញ, កន្លែងសាកថ្មូទូរសព្ទឥតខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់, ពោងសុវត្ថិភាព 7 គ្រាប់, កាមេរ៉ា 360 ដឺក្រេ និង មុខងារ ADAS ជាច្រើន ផងដែរ៕






