
មួយរយៈចុងក្រោយនេះ មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន iPhone 17 នៅឆ្នាំក្រោយនេះនឹងប្រើប្រាស់នូវបន្ទះឈីប 2nm របស់ក្រុមហ៊ុន TSMC។ នៅថ្ងៃនេះ មានការបញ្ជាក់ជាថ្មីថា ព័ត៌មាននេះ គឺជាព័ត៌មានក្លែងក្លាយនោះទេ នេះបើតាមប្រភពមួយដែលបានអះអាងនាពេលថ្មីៗនេះ។ យោងតាមការបង្ហោះមួយចេញពីអ្នកប្រើប្រាស់នៅលើ Weibo ដែលមានឈ្មោះ "Phone Chip Expert" បានអោយដឹងថា ដំណើរការ 2nm នេះ នឹងមិនធ្វើការផលិតទ្រង់ទ្រាយធំនោះទេរហូតដល់ចុងឆ្នាំ 2025។
អ្នកចែកចយដដែលនេះ បានបន្ថែមទៀតថា iPhone 17 ដែលនឹងបង្ហាញវត្តមាននៅឆ្នាំក្រោយ គឺនៅតែបន្តប្រើប្រាស់នូវដំនើរការ 3nm របស់ក្រុមហ៊ុន TSMC ដដែល។ ការបង្ហោះរបស់ Phone Chip Expert រូបនេះ បានបញ្ជាក់ទៀតថា “ដំណើរការ 2nm នឹងមិនទាន់ផលិតទ្រង់ទ្រាយធំនោះទេរហូតដល់ចុងឆ្នាំ 2025 ដូចនេះ ស្មាតហ្វូន iPhone 17 នៅមិនទាន់អាចប្រើប្រាស់បន្ទះឈីបនេះបានទេ។ ស្មាតហ្វូន iPhone 18 អាចនឹងប្រើប្រាស់នូវបន្ទះឈីប 2nm។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន TSMC មានគម្រោងក្នុងការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីប 2nm នៅឆ្នាំក្រយនេះ ប៉ុន្តែរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងបង្កើនល្បឿននៃការផលិតទ្រង់ទ្រាយធំមុនកាលបរិច្ឆេទបានកំណត់។ ក្រុមហ៊ុន Apple គឺជាអតិថិជនធំរបស់ក្រុមហ៊ុន TSMC ហើយក្រុមហ៊ុននេះនឹងទទួលបាននូវការប្រើប្រាស់នូវបន្ទះឈីបថ្មីនេះមុនគេផងដែរ។ ក្រុមហ៊ុន Apple បានចាប់ផ្តើមទិញយកបន្ទះឈីប 3nm របស់ក្រុមហ៊ុន TSMC នៅក្នុងឆ្នាំ 2023 សម្រាប់ប្រើប្រាស់នៅលើ iPhones, iPads និង Macs ។
សម្រាប់នៅក្នុងដំណើរការ 2nm fabrication នេះ គឺនឹងមានការបង្កើនល្បឿនចន្លោះពី 10%-15% និងការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលចន្លោះពី 25%-30% នៅក្នុងពេលដូចគ្នាបើធៀបជាមួយនឹងបច្ចេកវិទ្យា 3nm របស់ក្រុមហ៊ុននេះ។ បន្ទះឈីប A17 Pro នៅលើស្មាតហ្វូន iPhone 15 Pro របស់ក្រុមហ៊ុន Apple នេះ នឹងធ្វើការផលិតជាមួយនឹងដំណើរការ 3nm ដំបូងបំផុតរបស់ក្រុមហ៊ុន TSMC ដែលត្រូវគេស្គាល់ថា N3B ។ បន្ទះឈីប M4 របស់ក្រុមហ៊ុន Apple ដែលប្រើប្រាស់នៅលើ iPad Pro គឺប្រើប្រាស់នូវកំណែថ្មី (version) របស់បច្ចេកវិទ្យា 3nm technology នេះផងដែរ។

សូមជំរាបថា នៅលើកូដ iOS 18 ក៏បានបញ្ជាក់ដែរថា គ្រប់ម៉ូដែលទាំង 4 របស់ iPhone 16 Series គឺនឹងប្រើប្រាស់នូវបន្ទះឈីប A18 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ផ្អែកនៅលើដំណើរការ N3E របស់ក្រុមហ៊ុន TSMC នេះ។ សម្រាប់ N3E គឺជាដំណើការនៅលើ 3nm fabrication ជំនាន់ទី 2 របស់ក្រុមហ៊ុន TSMC ដែលមានតម្លៃទាបជាងមុន ហើយក៏មានការពង្រឹងច្រើនបើធៀបជាមួយនឹងដំណើរការ 3nm ជំនាន់ទី 1 របស់ក្រុមហ៊ុន TSMC ផងដែរ៕
