
ស្មាតហ្វូន Huawei Mate 70 series ដែលបំពាក់នូវបន្ទះឈីប Kirin ជំនាន់ថ្មី ត្រូវបានគេរាយការណ៌ថា នឹងមានការពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេមកាន់តែអស្ចារ្យបំផុត។ យោងតាមការបែកធ្លាយមួយនៅលើ Weibo ថ្មីៗនេះ គឺមានការបញ្ជាក់ថា បន្ទះឈីបជំនាន់ថ្មីនេះ នឹងមានការបង្កើនទៅលើល្បឿននៃការប្រើប្រាស់ និងសន្សំសំចៃទៅលើថាមពលថ្មផងដែរសម្រាប់ស្មាតហ្វូន flagship នាពេលខាងមុខនេះ។
បើតាមអ្នកទម្លាយ @SmartPikachu បាននិយាយថា ស្មាតហ្វូន Huawei Mate 70 series Kirin ថ្មីនេះ នឹងមានសមត្ថភាពខ្លាំងក្លាបំផុតសម្រាប់ការលេងហ្គេម។ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននេះ ក៏កំពុងតែបង្កើនការអភិវឌ្ឍទៅលើបន្ទះឈីបថ្មីនេះផងដែរ។ នៅក្នុងនោះក៏មានការរំពឹងថា សមត្ថភាពនៃស្មាតហ្វូននេះ នឹងមានការ upgrade កាន់តែប្រសើរជាងម៉ូដែលមុននេះ។ បន្ទះឈីប Kirin ថ្មីនេះ គឺមានការពង្រឹងកាន់តែប្រសើរទៅលើការប្រើប្រាស់ថាមពលរបស់ស្មាតហ្វូននេះ។
ជាមួយនិងការទម្លាយថ្មីនេះ មុខងារជាច្រើនទៀតនៅលើស្មាតហ្វូននេះ ក៏នឹងមានការបង្កើនទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលថ្មផងដែរ។ មុខងារថ្មីដែលមានអាប់ដែតនោះ មានដូចជា screen time, backlight, gaming, background applications និងជាច្រើនទៀត។ សូមជំរាបថា បើទោះបីជាបន្ទះឈីប Kirin នៅលើស្មាតហ្វូន Mate 70 នេះ អាចនឹងបង្កើនទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលថ្ម ក៏ដោយនោះ ក៏គេនៅមិនទាន់ច្បាស់នោះទេថា ឈីបនេះ ពិតជាផ្តល់នូវស្ថេរ ភាពនៃការលេងហ្គេមបានយ៉ាងរលូនឬយ៉ាងណាទេ បើធៀបជាមួយនឹងស្មាតហ្វូនជាច្រើនម៉ាកទៀតនៅលើទីផ្សារ។
ក្រៅពីស្មាតហ្វូននេះ ការបែកធ្លាយនេះ ក៏មានការទម្លាយថា ថេប្លេត MatePad ថ្មី ក៏នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះផងដែរ។ ថេប្លេតនេះ ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Kirin ថ្មីនេះដូចគ្នា។ ដូច្នេះថេប្លេតនេះ ក៏នឹងមានការបង្កើនទៅលើសមត្ថភាពនៃការលេងហ្គេម និងប្រសិទ្ធិភាពខ្ពស់បំផុតផងដែរ។ សម្រាប់ឈ្មោះរបស់ឧបករណ៍ថ្មីនេះ នៅមិនទាន់បានដឹងនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ @DigitalChatStation ធ្លាប់បាននិយាយថា ស្មាតហ្វូន Mate 70 series អាចនឹងប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនដែលមានបន្ទះឈីប Snapdragon 8 Gen 4 និង Dimensity 9400។ បន្ថែមពីនេះក៏មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយដែរថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ក៏នឹងធ្វើការនៅលើបន្ទះឈីប 5nm Kirin នេះផងដែរ ហើយឈីបនេះ ក៏អាចនឹងបង្ហាញខ្លួននៅលើស្មាតហ្វូន Mate 70 series ថែមទៀតផង៕
