
ថ្មីៗនេះ មានរូបភាពថ្មីមួយ ដែលមានការចែករំលែកនៅលើបណ្តាញសង្គម ដែលមានការបង្ហាញអំពីប្រព័ន្ធកាមេរ៉ា Lens Rings ដែលមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង iPhone 16 Pro Max ហើយថែមទាំងមានបញ្ជាក់ពីសម្រើសពណ៌ថ្មី Bronze ដ៏ស្រស់ស្អាតរបស់ស្មាតហ្វូនម៉ូដែលថ្មីនេះថែមទៀតផង។ ទាក់ទងនឹងពណ៌ថ្មីនេះ មានរូបភាពមួយដែលចែកចាយដោយលោក Majin Bu នៅលើបណ្តាញ X ក៏មានបញ្ជាក់ថា ជម្រើសពណ៌ថ្មីនេះ គឺមានឈ្មោះហៅថា “Desert Titanium”។
បើតាមការទម្លាយពីប្រភពខាងលើនេះ និយាយថា សម្រាប់ពណ៌ “Desert Titanium” ថ្មីដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro នេះ នឹងជំនួសទៅលើពណ៌ “Blue Titanium” ដែលមាននៅលើស្មាតហ្វូន iPhone 15 Pro ដែលមានលក់នៅលើទីផ្សារនាពេលកន្លងមក។ ហើយពណ៌ថ្មីនេះ នឹងក្លាយជាជម្រើសពណ៌ថ្មីមួយទៀតរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro ដែលនឹងមកចូលរួមជាមួយនឹងពណ៌ White Titanium, Black Titanium និង Natural Titanium។ ក្រឡេកមកមើលពណ៌ Black Titanium ដែលមាននៅក្នុងឆ្នាំនេះវិញ នឹងមានពណ៌កាន់តែដិតជាងមុន ខណៈដែលពណ៌ Natural Titanium ក៏នឹងមានពណ៌ប្រផេះខ្លាំងជាងមុនដូចគ្នា។

គួរបញ្ជាក់ផងដែរថា កាលពី 2 ខែមុននេះ មានការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវពណ៌កាន់តែរលោងសម្រាប់ស្មាតហ្វូន iPhone 16 Pro ដែលស្រដៀងគ្នាទៅនឹងពណ៌ Stainless Steel របស់ស្មាតហ្វូន iPhone X រហូតដល់ទៅ iPhone 14 Pro។ បើតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន iPhone 16 Pro អាចនឹងមានពណ៌ “Rose Gold” ផងដែរ៕
