
ក្រុមហ៊ុន Samsung បានប្រកាសចេញកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីចុងក្រោយ គឺ Galaxy Z Fold 6 កាលពីចុងខែមិថុនា ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកូរ៉េខាងត្បូងមួយនេះត្រូវបាន គេរាយការថា កំពុងធ្វើការលើស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មីមួយផ្សេងទៀត ដែលត្រូវបានគេថាជា Samsung Galaxy Z Fold 6 Slim។
ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីនេះ កន្លងមកត្រូវបានគេស្គាល់ថា Galaxy Z Fold Ultra ឬ Galaxy Z Fold 6 Ultra ដូចនេះ គេមិនទាន់ប្រាកដថា Samsung នឹងប្រើឈ្មោះមួយណាសម្រាប់ស្មាតហ្វូនបត់អេក្រង់ម៉ូដែលថ្មីរបស់ខ្លួននៅឡើយទេ។ ដោយឡែកនៅពេលនេះ មានលេចលឺព័ត៌មានថ្មីថា Samsung Galaxy Z Fold 6 Slim អាចនឹងត្រូវប្រើឈ្មោះថា Samsun Galaxy Z Fold 6 Special Edition។
បើតាមប្រភព័ត៌មានទម្លាយចេញដោយលោក Evan Blass បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីរបស់ Samsung នឹងមានអេក្រង់ខាងក្រៅទំហំ 6.5-inch និងអេក្រង់បត់ខាងក្នុងទំហំ 8-inch ជាមួយនឹងការរចនាកម្រាស់ស្តើងបំផុតដោយនឹងមានកម្រាស់ស្តើងត្រឹម 4.9mm នៅពេលមិនបត់ និង 10.6mm នៅពេលបត់។
បច្ចុប្បន្ននេះ ស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងជាងគេបំផុតក្នុងលោក គឺ Honor Magic V3 មានកម្រាស់ត្រឹម 4.35mm នៅពេលមិនបត់ និង 9.2mm នៅពេលបត់។ បន្ទាប់ គឺ Xiaomi Mix Fold 4 ដែលមានកម្រាស់ត្រឹម 4.6mm នៅពេលមិនបត់ និង 9.5mm នៅពេលបត់។
ទោះបីជាស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីរបស់ Samsung គឺ Galaxy Z Fold 6 Slim ឬ Special Edition មិនអាចមានកម្រាស់ស្តើងធៀបនឹង Honor Magic V3 និង Xiaomi Mix Fold 4 ប៉ុន្តែ ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីនេះ នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងជាងគេនៅក្នុងស្រឡាយស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold របស់ Samsung។

ប៉ុន្តែ អ្វីដែលជាដំណឹងមិនល្អនោះ គឺថា Samsung អាចនឹងចេញលក់ Galaxy Z Fold Special Edition មួយនេះតែនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនតែប៉ុណ្ណោះ។ ស្មាតហ្វូនអេក្រង់ម៉ូដែល Special Edition របស់ Samsung ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុងខែកញ្ញានៅប្រទេសកូរ៉េខាងត្បូង និងខែតុលានៅប្រទេសចិន៕
