នៅថ្ងៃនេះមានសេចក្តីរាយការណ៌ថា Huawei បានបង្កើននូវចំនួននៃការផលិតទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mate X6 ដោយសារតែទីផ្សារកំពុងតែមានតម្រូវការខ្ពស់។ បើតាមការបញ្ជាក់នៅលើក្នុងព័ត៌មានមុននេះ គឺបាននិយាយថា Huawei បានត្រៀមប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់នៅលើទីផ្សារឆាប់ៗនេះហើយម៉ូដែលថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងមានការនាំមកនូវមុខងារប្រើប្រាស់ឆា្លតវៃថ្មីៗ ហើយនិងដំណោះស្រាយទៅលើបច្ចេកវិទ្យាកាន់តែសំបូរបែបច្រើនជាងមុនថែមទៀតផង។
យោងតាមការបង្ហោះនៅលើបណ្តាញ Weibo ដោយអ្នកទម្លាយ @DigitalChatStation បាននិយាយថា ក្រុមហ៊ុន Huawei គឺបានបង្កើននូវសង្វាក់ផលិតកម្មសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Mate X6 ហើយក្រុមហ៊ុននេះ ក៏បានបង្កើននូវការបញ្ជាទិញសមាសភាគសម្រាប់ផលិតស្មាតហ្វូនអេក្រង់បត់បាននេះផងដែរ។
ការបង្កើននូវចំនួននៃការផលិតស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា ក្រុមហ៊ុន Huawei ចង់បន្តរក្សានូវការនាំមុខទៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅក្នុងប្រទេសចិនអោយនៅតែមានភាពរឹងមាំដដែល បើទោះបីជាមានបញ្ហាមួយចំនួនទាក់ទងជាមួយនិងសមាសភាគនេះក៏ដោយ។
ទាក់ទងជាមួយនិងព័ត៌មានខាងលើនេះ ក៏មានព័ត៌មានថ្មីបញ្ជាក់ថា ក្រុមហ៊ុន Huawei ទំនងជានឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mate X6 របស់ខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ។ សម្រាប់វត្តមានស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុន Huawei ក៏អាចនឹងប្រើប្រាស់នូវកម្មវិធី Pioneer Program ដើម្បីប្រកាសចេញលក់នៅលើទីផ្សារ ដូចម៉ូដែលមុនៗអញ្ចឹងដែរ។