
Huawei Pura 70 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ត្រូវបានគេរាយការណ៌ថា មានការនាំចេញបាន 6.5 លានគ្រឿងហើយគិតមកដល់ពេលនេះ។ សូមជំរាបថា បន្ទាប់ពីការប្រកាសចេញកាលពីនៅលើទីផ្សារប្រទេសចិន និងទីផ្សារសកល កាលពីខែមេសាមក ស្មាតហ្វូនជំនាន់ថ្មីនេះ គឺទទួលបាននូវការគាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់។
យោងតាមរបាយការណ៌ពីសារព័ត៌មាន Wall Street Journal បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 Series មានការនាំចេញបាន 6.5 លានគ្រឿងហើយនៅពេលនេះ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅលើទីផ្សារចិនកាលពីខែមេសា និងបន្តបង្ហាញវត្តមាននៅលើទីផ្សារសកលនៅខែឧសភា។ សម្រាប់ការលក់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺពិតជាមានភាពល្អប្រសើរខ្លាំងមែនទែន។
គួរបញ្ជាក់ថា មុនការសម្ពោធជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុន Huawei ត្រូវបានគេធ្វើការព្យាករណ៌ថា នឹងនាំចេញស្មាតហ្វូនស៊េរីថ្មី Pura 70 Series អោយបានចំនួន 10 លានគ្រឿងនៅត្រឹមដំណាច់ឆ្នាំ 2024 ខាងមុខនេះ។ ផ្អែកលើការវិវត្តន៌នៃស្ថានការណ៌ថ្មីៗនេះ មានការសន្និដ្ឋានថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺពិតជាអាចនឹងសម្រេចបាននូវគោលដៅរបស់ខ្លួននៅចុងឆ្នាំ 2024 ខាងមុខនេះ។ ក្នុងនោះក៏នឹងនាំអោយក្រុមហ៊ុននេះ កាន់តែមានទទួលបាននូវលទ្ធផលល្អច្រើនជាងមុនៅលើទីផ្សារស្មាតហ្វូន។
សូមជំរាបថា បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Pura 70 Series នៅលើទីផ្សារប្រទេសចិនរួចមក បានធ្វើអោយក្រុមហ៊ុន Apple បានការលំបាកមែនទែន ដោយសារស្មាតហ្វូនរបស់ Huawei មានការពេញនិយមខ្លាំងជាង iPhone សម្រាប់ទីផ្សារចិន។ ការបង្ហាញវត្តមានរបស់ Pura 70 Series បានជះឥទ្ធិពលទៅលើការលក់ iPhone 15 series យ៉ាងខ្លាំងនៅលើទីផ្សារប្រទេសចិន ពីព្រោះថា Pura 70 Series គឺមានការបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាខ្លាំង ហើយនិងមានប្រើប្រាស់នូវបច្ចេកវិទ្យា Kirin 5G ថែមទៀតផង។

នៅក្នុងអំឡុងពេលនៃការប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការថ្មី HarmonyOS NEXT ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសថា ការលក់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 Series នៅក្នុងត្រីមាសទី 3 កន្លងទៅនេះ គឺមានការកើនឡើងដល់ទៅ 154%។ ហើយបើមើលទៅលើការលក់ប្រចាំឆ្នាំរបស់ Huawei គឺមានការកើនឡើង 71% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
