
ក្រុមហ៊ុន Xiaomi ត្រូវគេរំពឹងថា នឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Xiaomi 18 series នៅក្នុងប្រទេសចិន នា ខែកញ្ញាខាងមុខនេះហើយ ដោយស្មាតហ្វូនថ្មីនេះ មានម៉ូដែល Xiaomi 18, Xiaomi 18 Pro ហើយនិង Xiaomi 18 Pro Max។ នៅក្នុងនោះ ក៏អាចនឹងមានម៉ូដែល Xiaomi 18 Ultra ផងដែរ ដោយស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនក្រោយគេ អាចនឹងនៅចុងឆ្នាំនេះផងដែរ។ នៅថ្ងៃនេះ យោងតាមអ្នកទម្លាយ Digital Chat Station ដែលបានបង្ហោះនៅលើ Weibo មានការទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន Xiaomi 18 ហើយ។
សូមជំរាបផងដែរថា វត្តមានស្មាតហ្វូន Xiaomi 17 និង Xiaomi 17 Pro កន្លងមក គឺត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូន Flagship ដែលមានរូបរាងតូចជាមួយនឹងអេក្រង់ទំហំត្រឹមតែ 6.3 អ៊ីងប៉ុណ្ណោះ។ តាមការបែកធ្លាយចេញពី DCS បានបញ្ជាក់ថា ទំហំអេក្រង់របស់ស្មាតហ្វូន Xiaomi 18 នេះ អាចនឹងមានការបង្កើនទៅកាន់ទំហំ 6.4 អ៊ីង ហើយរូបរាងរបស់ស្មាតហ្វូននេះ ក៏អាចនឹងស្លីមតូចដដែល។ បើមើលទៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 Pro ចិញ អាចនឹងមានអេក្រង់ទំហំ 6.4 អ៊ីងដូចគ្នា។

គួរបញ្ជាក់ថា នៅមុននេះ ធ្លាប់មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 នេះ ក៏មានការ Upgrade ទៅលើកាមេរ៉ា Periscope Telephoto ច្រើនជាងស្មាតហ្វូនជំនាន់មុននេះផងដែរ។ តាមរយៈនៃការបែកធ្លាយថ្មីនេះ ថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូន Xiaomi 18 Pro, Xiaomi 18 Pro Max និង Xiaomi 18 Ultra នេះ អាចនឹងមានការបំពាក់នូវកាមេរ៉ាទំហំ 200-megapixel periscope telephoto ផងដែរ។
ជាមួយគ្នានេះ កាលពីពេលមុននេះ អ្នកទម្លាយនេះធ្លាប់បានអះអាងថា ស្មាតហ្វូន Xiaomi 18 Pro និង Xiaomi 18 Pro Max នឹងបំពាក់នូវកាមេរ៉ា 200MP ចំនួន 2 គ្រាប់ ដោយមួយគ្រាប់ជាកាមេរ៉ាគោល និងមួយគ្រាប់ទៀតជា Periscope Telephoto Sensors។ បើមើលទៅលើស្មាតហ្វូនត្រកូល Pro វិញអាចនឹងមានអេក្រង់ទី 2 នៅខាងក្រោយផងដែរ។

បន្ថែមពីនេះទៀតនោះ តាមរយៈព័ត៌មានថ្មី កាលពីម្សិលមិញនេះ បានបង្ហើបថា ស្មាតហ្វូន Xiaomi 18, 18 Pro និង 18 Pro Max អាចនឹងបំពាក់នូវបន្ទះឈីបខុសគ្នា ដែលម៉ូដែលខ្លះ នឹងប្រើឈីប Snapdragon 8 Elite Gen 6 ខណៈដែលស្មាតហ្វូន Xiaomi 18 Ultra ក្រុមហ៊ុន Xiaomi អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro៕




