
នៅថ្ងៃនេះ លោក Jeff Pu ដែលជាអ្នកវិភាគដ៏ល្បីប្រចាំនៅក្រុមហ៊ុន GF Securities ដែលតែងតែទម្លាយ ព័ត៌មានថ្មីៗរបស់ក្រុមហ៊ុន Apple បានបញ្ចេញនូវលក្ខណៈសម្បត្តិថ្មីៗមួយចំនួន ដែលនឹងមានការផ្លាស់ប្តូរនៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និង iPhone 18 Pro Max ដែលក្រុមហ៊ុន Apple ត្រៀមនឹងធ្វើការប្រកាសចេញនៅលើទីផ្សារនាចុងឆ្នាំថ្មីនេះថែមទៀតហើយ។
ទៅលើចំណុចពិសេសដំបូងគេនោះ គឺបច្ចេកវិទ្យាអេក្រង់ Dynamic Island នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានអ្នកទម្លាយនេះ បង្ហើបថា នឹងមានទំហំតូចជាងម៉ូដែលមុនៗ ខណៈមុខងារ Face ID គឺនឹងមានការញាត់បញ្ចូលទៅខាងក្រោមអេក្រង។ ចំណុចទីពី គឺទៅលើកាមេរ៉ាថត ដោយឆ្នាំនេះ សិនស័រទំហំ 48MP នៅលើកាមេរ៉ាគោល គឺនឹងមានការតម្លើងមកជាមួយនូវមុខងារ variable aperture។

លោក Pu បានបញ្ជាក់ទៀតថា ទៅលើបន្ទះឈីបរបស់ស្មាតហ្វូនម៉ូដែល Pro Series នេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីប A20 Pro ផ្គត់ផ្គង់ដោយក្រុមហ៊ុន TSMC ជាមួយនិងការឌីស្សាញលើបច្ចេកវិទ្យាកម្រិត 2nm ដំបូងបំផុត។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏នឹងមានបន្ទះឈីប N2 ដែលមានការអាប់ដែតចេញពី N1 សម្រាប់ជំនួយដល់មុខងារ Wi-Fi 7, Bluetooth 6 ផងដែរ។ ជាមួយគ្នានេះ ទៅលើការអាប់ដែត N2 នេះ ក៏នឹងមានការពង្រឹងសមត្ថភាពសម្រាប់ wireless performance និងការសន្សំសំចៃថ្មទៀតផង។

ហើយសម្រាប់បន្ទះឈីបចុងក្រោយដែលនឹងមាននៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និង iPhone 18 Pro Max នេះ គឺ C2 Modem។ សូមជំរាបថា ការប្រកាសចេញជាផ្លួវការណ៌រទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone 18 Pro និង iPhone 18 Pro Max ត្រូវបានគេទម្លាយថា នឹងមកដល់នៅខែកញ្ញាខាងមុខនេះ ជាមួយនិងស្មាតហ្វូនអេក្រង់បត់បានម៉ូដែលដំបូង iPhone Fold ខណៈដែល iPhone 18 អាចនឹងបង្ហាញខ្លួនជាមួយនិង iPhone 18e នៅពេលក្រោយ។





