
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក GAC Aion បានប្រកាសបញ្ជាក់ថា រោងចក្រផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃនឹងរៀបចំរួចរាល់នៅពាក់កណ្តាលខែកក្តដានេះ ហើយស្របពេលជាមួយគ្នានេះរថយន្តជំនាន់ថ្មីដែលជាជំនាន់ទីពីររបស់ម៉ូដែល Aion V ក៏នឹងត្រូវប្រកាសចេញសម្រាប់ទីផ្សារសកលផងដែរ។ បើតាមសេចក្តីរាយការណ៍នាពេលកន្លងមកបានបង្ហើបថា Aion Y នឹងក្លាយជារថយន្តដំបូងគេដែលត្រូវផលិតនៅក្នុងរោងចក្រថ្មីក្នុងទឹកដីប្រទេសថៃដែលមានទីតាំងស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Eastern Economic Corridor (EEC)។
GAC បានប្រកាសគម្រោងសាងសង់រោងចក្រក្នុងប្រទេសថៃកាលពីខែវិចិ្ឆកាឆ្នាំមុន និងបានប្រកាសបើកការដ្ឋានសាងសង់ផ្លូវការណ៍នៅថ្ងៃទី 26 ខែមករាឆ្នាំ 2024 នេះ។ ដោយរោងចក្រថ្មីនេះបានចាយទុនប្រមាណ 2.3 ពាន់លានបាត ឬខ្ទង់ 64.8 លានដុល្លារអាមេរិក និងមានគោលដៅផលិតរថយន្តប្រចាំឆ្នាំចំនួន 50 ម៉ឺនគ្រឿង។ GaC Aion Thai Factory គឺជារោងចក្រដំបូងដែលសាងសង់នៅក្រៅប្រទេសចិន និងជារោងចក្រដំបូងដែលផលិតរថយន្ត GAC ចង្កូតស្តាំផងដែរ។ នៅក្នុងរោងចក្រថ្មីនេះ GAC បានដាក់គោលដៅក្នុងការផលិត និងការលក់រថយន្តឲ្យបានដល់ចំនួន 1 លានគ្រឿងសម្រាប់ឆ្នាំ 2025។

កាលពីអំឡុងព្រឹត្តិការណ៍ 40th Thailand International Motor Expo ឆ្នាំ 2023 ក្រុមហ៊ុន GAC Aion បានធ្វើការដាក់តាំងបង្ហាញរថយន្តអគ្គិសនីស៊េរីថ្មីចំនួន 5 ម៉ូដែល រួមនឹងបច្ចេកវិទ្យារថយន្តអគ្គិសនីផងដែរ។ ក្រុមហ៊ុនផលិតរថយន្តរបស់ចិននេះ ត្រូវបានគេរាយការណ៍ផងដែរថា បានធ្វើការចុះកិច្ចកុងត្រាជាមួយនឹងដៃគូចាយចាយបន្តរថយន្តរបស់ខ្លួនក្នុងប្រទេសថៃចំនួន 34 ក្រុមហ៊ុនផងដែរសម្រាប់ការចរាចរលក់រថយន្តរបស់ខ្លួននៅក្នុងទឹកដីប្រទេសថៃ។ ក្រៅពីប្រទេសថៃ GAC Aion ក៏កំពុងមានការមមាញឹកក្នុងការចូលប្រឡូកក្នុងទីផ្សារអាស៊ីអាគ្នេយ៍ផងដែរ ហើយក្រុមហ៊ុនក៏បាននឹងកំពុងដំណើរការសាងសង់រោងចក្រថ្មីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីថែមទៀតផង។
និយាយពីរថយន្ត Aion V ជាជំនាន់ទីពីរដែលត្រៀមបង្ហាញខ្លួននៅថ្ងៃទី 23 កក្តដា ខាងមុខនេះវិញ គឺជារថយន្តប្រភេទ Compact-SUV ដែលមាននឹងមានតម្លៃខ្ទង់ $20,600។ រថយន្តស៊េរីថ្មីនេះត្រូវបានគេដឹងថាមានបណ្តោយ 4,605mm/ ទទឹង 1,854mm/កម្ពស់ 1,660mm និងគម្លាតចន្លោះកង់មុខក្រោយ 2,775mm។ Aion V-2nd Generation ប្រើប្រាស់កញ្ចប់អាគុយប្រភេទ lithium iron phosphate battery ជាមួយជម្រើសម៉ូទ័រអគ្គិសនីពីរជម្រើសកំលាំង 150kW និង 165kW។ ជាមួយគ្នានេះវាក៏ប្រើប្រាស់ប្រព័ន្ធសាកភ្លើងស្តង់ដារ 400Volt Platform រួមជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 3C Fast Charging ដែលសាកថាមពលឲ្យអាគុយពី 0 ដល់ 60% ប្រើពេលប្រមាណ 15 នាទី ដែលអាចបើកបានដល់ 370km ហើយសម្រាប់ការសាកថ្មមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 750km។

Aion V ជំនាន់ថ្មីនេះដំណើរការដោយប្រព័ន្ធថ្មី self-developed AEP pure electric digital platform។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏មានបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរទំនើបដែលគ្រប់គ្រងដោយបន្ទះឈីប Nvidia Orin X chip ដែលគ្រប់គ្រងទៅលើប្រព័ន្ធចាប់សញ្ញា high-thread Lidar, 5-millimeter wavelength radars, និងកាមេរ៉ាចំនួន 11 គ្រាប់។ បន្ថែមពីនេះក៏នៅមានប្រព័ន្ធ driving assistance (NDA) សម្រាប់ជំនួយដល់ការបើកបរក្នុងទីប្រជុំជន ឬទីក្រុងទៀតផង៕
