ក្រុមហ៊ុនផលិតរថយន្ត Chinese Guangzhou-based Automaker  ឬ GAC បានធ្វើការបង្ហាញចេញនូវរូបភាព teaser ដំបូងនៃឡានប្រភេទ off-road PHEV SUV ស៊េរីថ្មីដែលត្រូវបានគេដឹងថា ស្ថិតនៅក្រោមម៉ាកយីហោ Trumpchi។ ឡាន off-road PHEV ស៊េរីថ្មីនេះ នឹងមានវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្តប្រចាំឆ្នាំ 2026 Beijing Auto Show ដែលនឹងរៀបចំធ្វើឡើងនៅចុងខែមេសា ខាងមុខនេះ។ Trumpchi off-road PHEV ថ្មីនេះ នឹងក្លាយជាគូប្រជែងទីផ្សារជាមួយឡាន off-road ចេញពីក្រុមហ៊ុន GWM និង BYD។

ម៉ាករថយន្ត GAC Trumpchi គឺជាប្រភេទរថយន្ត Passenger ដែលត្រូវបានបង្កើតឡើងដោយ GAC Group និងបានប្រកាសជាផ្លូវការណ៍ក្នុងឆ្នាំ 2010។ ស្រឡាយរថយន្ត Trumpchi គឺមានទាំងម៉ូដែលប្រើប្រាស់ម៉ាស៊ីនសុទ្ធ (ICE) និងម៉ាស៊ីនលាយអគ្គិសនី ឬ Plug-in-hybrid នៅក្នុងទីផ្សារប្រទេសចិន។ ម៉ាកយីហោឡាន Trumpchi មិនត្រូវបាន GAC ធ្វើការនាំចេញទៅដាក់លក់នៅទីផ្សារសកលនៅឡើយទេ។ បើគិតពីតួរលេខនៃការលក់ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ 2026 នៅទីផ្សារក្នុងស្រុកសម្រាប់ឡានម៉ាក Trumpchi គឺមានចំនួន 39,391  គ្រឿង។  GAC Trumpchi ស៊េរីថ្មីដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវបានគេដឹងថាមានលេខកូដម៉ូដែល T75។ 

ឡាន off-road PHEV ស៊េរីថ្មីនេះ មានការឌីស្សាញរូបរាងបែប boxy-body shape ជាមួយគ្រោងដំបូលរាងលយចេញបន្តិច និងមានផ្ទៃដំបូលរាបស្មើរ, កញ្ចក់មើលក្រោយឆ្វេងស្តាំធំ និងប្រើដៃទ្វារជាប្រភេទលាក់ពាក់កណ្តាល ឬ semi-hidden-door handle និងនៅលើទ្វារក្រោយមានភ្ជាប់ដោយកង់សាគួរមួយ។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិលម្អិតទូទៅរបស់ Trumpchi T75 ក្រុមហ៊ុនមិនទាន់បានបង្ហាញចេញនៅឡើយទេ។ បើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា T75 នឹងមានភ្ជាប់នូវប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ទំនើបក្នុងនោះមានដូចជាប្រព័ន្ធចង្កូត Steer-by-wire និងប្រព័ន្ធហ្វ្រាំង brake-by-wire ជាដើម។ ឡាន off-road PHEV ស៊េរីថ្មីនេះ ក៏នឹងបំពាក់នូវប្រព័ន្ធប៊ូមប្រភេទ Air suspension ផងដែរ។
 
ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Trumpchi T75 គឺមានការបំពាក់នូវសែនស័រ LiDAR នៅលើដំបូល ដែលអាចជាប្រព័ន្ធសែនស័រ 896-line LiDAR ស៊េរីថ្មីរបស់ Huawei រួមនឹងសែនស័រជំនួយមួយចំនួនទៀត។ GAC Trumpchi T75 នឹងបង្ហាញខ្លួនផ្លូវការណ៍ក្នុងព្រឹត្តិការណ៍ 2026 Beijing Auto Show ដែលរៀបចំធ្វើឡើងចាប់ពីថ្ងៃទី 24 ខែមេសា ខាងមុខនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Geely Automotive ក៏នឹងមានការដាក់បង្ហាញនូវឡាន off-roader Plug-in-hybrid ស៊េរីថ្មីចុងក្រោយម៉ូដែល Galaxy Cruiser 700 ឬ Zhanjian 700 ផងដែរ៕