
កាលពីថ្ងៃទី 25 ខែឧសភា ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក GAC បានប្រារព្ធព្រឹត្តិការណ៍បើកសម្ភោធចេញលក់រថយន្តរបស់ខ្លួនជាផ្លូវការណ៍ក្នុងទីផ្សារប្រទេសប្រេស៊ីល “Brazil Action Plan” នាទីក្រុងសៅប៉ូឡូ។ ការបង្ហាញវត្តមានរបស់ GAC ក្នុងប្រទេសប្រេស៊ីល គឺស្ថិតនៅក្នុងនិន្នាការយុទ្ធសាស្ត្រពង្រីកទីផ្សារម៉ាករថយន្តរបស់ខ្លួនជាសកល ឬហៅថា “One GAC 2.0”។ នៅក្នុងព្រឹត្តិការណ៍ម្សិលមិញនេះដែរ GAC បានធ្វើការបង្ហាញចេញរថយន្តចំនួន 5 ម៉ូដែល មានដូចជា Aion V, Aion Y, Hyptec HT, Trumpchi GS4 និង Aion ES ជាដើម។
នៅក្នុងប្រទេសប្រេស៊ីល GAC បានចាប់ដៃសហការជាមួយក្រុមហ៊ុនចែកចាយចំនួន 33 ក្រុមហ៊ុន ជាមួយនឹងអត្រាគ្របដណ្តប់ទីផ្សារច្រើនជាង 95% ក្នុងប្រទេសប្រេស៊ីល។ កាលពីឆ្នាំទៅមិញ GAC បានបើកដំណើរការកម្មវិធី "Panyu Action" សម្រាប់រយៈពេលបីឆ្នាំរបស់ខ្លួន ដោយកំណត់គោលដៅនាំចេញរថយន្តចំនួន 500,000 គ្រឿងទៅកាន់ប្រទេស និងតំបន់ចំនួន 100 ជុំវិញពិភពលោកនៅឆ្នាំ 2027។ នៅឆ្នាំ 2024 ក្រុមហ៊ុននេះ លក់រថយន្តបានចំនួនជាង 100,000 គ្រឿងនៅទីផ្សារក្រៅប្រទេសជាលើកដំបូង ដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ 92.3% ។

ប្រទេសប្រេស៊ីលដែលជាទីផ្សាររថយន្តធំជាងគេទីប្រាំមួយរបស់ពិភពលោក និងជាមជ្ឈមណ្ឌលដ៏សំខាន់នៃសេដ្ឋកិច្ចអាមេរិកឡាទីន និងជាស្ពានសម្រាប់ទីផ្សារអាមេរិកឡាទីន នេះបើយោងតាមលោក Wei Haigang អ្នកគ្រប់គ្រងទូទៅនៃ GAC International។ ហើយឡានអគ្គិសនី គឺជាផ្នែកដែលរីកលូតលាស់លឿនបំផុតនៅទីផ្សារក្នុងស្រុក។ ក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំនេះ ការលក់រថយន្តអគ្គិសនីបានកើនឡើង 37.4% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលលក់បានចំនួន 70,450 គ្រឿង នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តប្រេស៊ីល។

GAC គ្រោងនឹងសាងសង់រោងចក្រក្នុងប្រទេសប្រេស៊ីលដើម្បីធ្វើជាមូលដ្ឋានស្នូលសម្រាប់ទីផ្សារក្នុងអាមេរិកឡាទីន ហើយរំពឹងថា ការលក់នៅក្នុងប្រទេសប្រេស៊ីលនឹងឈានដល់ 100,000 គ្រឿងក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ GAC បានប្រកាសថា ក្រុមហ៊ុនខ្លួននឹងចាប់ផ្តើមសាងសងរោងចក្រផលិតរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីននៅចុងឆ្នាំ 2026។

លើសពីនេះ GAC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យប្រេស៊ីល ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍសម្រាប់ប្រភេទរថយន្ត “Flexible Fuel Vehicles” រួមទាំងសាកលវិទ្យាល័យរដ្ឋ Campinas សាកលវិទ្យាល័យសហព័ន្ធ Santa Catarina និងសាកលវិទ្យាល័យសហព័ន្ធ Santa Maria (UFSM)ជាដើម៕
