
កាលពីដើមខែមីនាកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបង្ហាញនូវស្មាតហ្វូន Galaxy A55 នៅលើទីផ្សារ។ នៅថ្ងៃនេះ មានការបញ្ជាក់ជាថ្មីថា ក្រុមហ៊ុននេះ បានធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy A56 ថែមទៀតហើយ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ បាននិយាយថា ស្មាតហ្វូនថ្មីនេះ បានបង្ហាញខ្លួននៅលើប្រព័ន្ធ IMEI ជាមួយនឹងឈ្មោះម៉ូដែល ‘Galaxy A56 5G’ និងមានលេខកូដ SM-A566B/DS។ ស្មាតហ្វូន Galaxy A56 ថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប Exynos 1580។
បន្ទះឈីបថ្មីនេះ គឺមានការបំពាក់មកជាមួយនឹង Cortex-A720 និង Cortex-A520 cores។ បើមើលទៅលើកម្រិតក្រាហ្វិកនោះ នៅលើស្មាតហ្វូននេះ គឺមានការដាក់អោយដំណើរការនៅលើ ក្រាហ្វិកកាត Xclipse 540 GPU។ បន្ថែមពីនេះនៅលើបន្ទះឈីប Exynos 1580 នេះ ក៏មានការបញ្ចូលនូវ NPU ដែលអាចគ្រប់គ្រងទៅលើការងារ Galaxy AI និងអាចធ្វើការប្រកួតប្រជែងបានជាមួយនឹងបន្ទះឈីប Exynos 2100 បានថែមទៀតផង ។
កាលពីពេលមុននេះ បន្ទះឈីបនេះ ត្រូវបានគេឃើញនៅលើ Geekbench ជាមួយនឹងពិន្ទុ Single Core បានចំនួន 1046 និង Multi-Core បានចំនួន 3578។ ស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីបនេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android version 15។ បន្ទះឈីបនេះ គឺត្រូវបានក្រុមហ៊ុន ប្រើប្រាស់នូវស្ថាបត្យកម្ម 1+3+4 architecture។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន Galaxy A56 នៅមិនទាន់បានទម្លាយច្រើននៅឡើយទេ។
សូមជំរាបថា ស្មាតហ្វូន Galaxy A55 ដែលបានបង្ហាញវត្តមានកន្លងមក គឺមានអេក្រង់ទំហំ 6.6 អ៊ីងកម្រិត FHD+ និងមានការគាំទ្រដោយកញ្ចក់ Super AMOLED ហើយនិងមានការទ្រទ្រង់បានជាមួយនឹងកម្រិតពន្លឺ 1000 nits brightness (HBM) ថែមទៀតផង។ ពន្លឺអេក្រង់របស់ស្មាតហ្វូននេះ អាចទប់ទល់ទៅនឹងពន្លឺថ្ងៃ និងលក្ខខណ្ឌផ្សេងៗទៀតបានយ៉ាងល្អ។

ស្មាតហ្វូននេះ បង្ហាញវត្តមាននៅលើទីផ្សារជាមួយនិងការអាប់ដេតទៅលើ Android ដល់ទៅ 4 ឆ្នាំ។ ស្មាតហ្វូន Galaxy A55 មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ទំហំ 50MP+12MP+5MP ហើយនិងកាមេរ៉ាខាងមុខទំហំ 32MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5000mAh និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 25W wired charging ថែមទៀតផង៕
