
ខណ់ដែលការសម្ពោធជាផ្លូវការណ៌នៅសល់រយពេលយូរដែរនោះ នៅពេលនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីៗទាក់ទងជាមួយនិងប្រព័ន្ធកាមេរ៉ាដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ បើតាមការទម្លាយកន្លងមកមកបាននិយាយថា Galaxy A56 អាចនឹងបន្តប្រើប្រាស់នូវកាមេរ៉ាគោលមានទំហំ 50MP ដូចមុនដែរ ហើយក៏មានកាមេរ៉ាទីពីរទំហំ 12MP ultrawide lens រួមនិងគ្រាប់ទីបីទំហំ 5MP ជាប្រភេទ Macro lens ផងដែរ។
ប៉ុន្តែសម្រាប់ការបែកធ្លាយនៅថ្ងៃនេះ គឺមានការបង្ហាញថា ក្រុមហ៊ុន Samsung បានងាកមកប្តូរនូវយុទ្ធសាស្រ្តថ្មីសម្រាប់កាមេរ៉ាមុខវិញម្តង។ នៅលើស្មាតហ្វូននេះ គឺនឹងមានការផ្លាស់ប្តូរពីការប្រើប្រាស់នូវសិនស័រទំហំ 32MP មកប្រើប្រាស់នូវសិនស័រថ្មីដែលមានទំហំ 12MP វិញម្តង។ ការផ្លាស់ប្តូរនេះត្រូវបានគេនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ មានបំណងចង់ងាកមកផ្តោតលើការផលិតរូបភាពកាន់តែច្បាស់ជាពិសេសទៅលើការថតនៅក្នុងកម្រិត low-light។
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏បានធ្វើតេស្តស្មាតហ្វូនថ្មីមួយជាមួយបន្ទះឈីបថ្មីដែលមានលេខ S5E8855 និងមានឈ្មោះថា “Santa,” ផងដែរ។ ស្មាតហ្វូននេះត្រូវបានគេជឿជាក់ថា គឺជាស្មាតហ្វូន Galaxy A56 ហើយសម្រាប់បន្ទះឈីបនេះអាចនឹងបង្ហាញខ្លួនជា Exynos 1580 ដែលជាជំនាន់ថ្មី Exynos 1480 ដែលមាននៅលើ Galaxy A55 កាលពីឆ្នាំមុន។

សូមជំរាបថា ថ្មីៗនេះ Galaxy A56 ក៏បានបង្ហាញខ្លួននៅលើបញ្ជី Geekbench ផងដែរ។ ស្មាតហ្វូននេះមានពិន្ទុ 1341 នៅក្នុងការតេស្ត single-core និងពិន្ទុន 3836 ទៅលើការតេស្ត Multi-Core។ សម្រាប់វត្តមានរបស់ស្មាតហ្វូននេះ ក្រុមហ៊ុន Samsung ក៏នឹងមានការដាក់អោយមានការអាប់ដែតសូហ្វែរមានរយៈពេលដល់ទៅ 6 ឆ្នាំ។ ស្មាតហ្វូននេះអាចនឹងមានតម្លៃចន្លោះពី €450 យូរ៉ូ ទៅ €500 យូរ៉ូ។
