ស្វែងរកពួកយើង:

Galaxy S25 Edge នឹងបំពាក់កាមេរ៉ាទំហំ 200MP និងបន្ទះឈីប Snapdragon 8 Elite

ដោយ

Koun Jab Luffy

13 ឧសភា 2025 07:33 ព្រឹក

អាន 2 នាទី

Article image
តាមសេចក្តីរាយការណ៌ថ្មីៗនេះ បានបញ្ជាក់រួចមកហើយថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូន Galaxy S25 Edge នៅថ្ងៃទី 13 ខែឧសភាខាងមុខនេហើយ ខណៈពេលនេះ ក៏មានការបែកធ្លាយជាច្រើន បាននិយាយ អំពីស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ទើបតែបានទម្លាយនូវវីដេអូផ្សព្វផ្សាយថ្មី ដែលបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវកញ្ចក់ Gorilla Glass Ceramic 2 របស់ក្រុមហ៊ុន Corning ដែលរឹងមាំ និងធន់ក្នុងការប្រើប្រាស់។
ជាមួយគ្នានេះដែរ នៅមុនការប្រកាសជាផ្លូវការនេះ មានរូបភាព Render ជាច្រើនដែលបែកធ្លាយផងដែរ។ រូបភាពជាច្រើនបានទម្លាយអំពីការឌីស្សាញដ៏ស្តើងរបស់ស្មាតហ្វូននេះគឺកម្រាស់ត្រឹមតែ 5.8mm។ ស្មាតហ្វូននេះ មានគែមរាបស្មើ គែម bezel ស្តើង និងរន្ធ hole-punch selfie នៅកណ្តាលអេក្រង់ផងដែរ។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Titanium Icyblue, Titanium Silver និង Titanium Jetblack។ ស្មាតហ្វូន Galaxy S25 Edge នេះនឹងមានកាមេរ៉ាភ្លោះនៅខាងក្រោយ ដែលកាមេរ៉ាគោលមានទំហំ 200MP និងមានការគាំទ្រជាមួយនឹង 2x Optical Quality Zoom ហើយនិងមួយគ្រាប់ទៀតមានទំហំ 12MP ultrawide។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាមុខទំហំ 12MP។
Article image
នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការបំពាក់ប្រព័ន្ធសុវត្ថិភាពកម្រិត IP68 សម្រាប់ការពារធូលី និងទឹកផងដែរ។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ គឺមានអេក្រង់ទំហំ 6.7-អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite អមដោយរ៉េមទំហំ 12GB LPDDR5X RAM  និងអង្គចងចាំទំហំ 256GB UFS 4.0 storage។ ស្មាតហ្វូន  Galaxy S25 Edge  នេះមានថាមពលថ្មទំហំ 3,900mAh  ដែលទំហំនេះគឺតូចជាងថ្មរបស់ស្មាតហ្វូន Galaxy S25។ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 25W wired charging ។
Article image
ស្មាតហ្វូន Galaxy S25 Edge នេះ នឹងក្លាយជាស្មាតហ្វូនមុនគេដែលមានការបំពាក់នូវបច្ចេកវិទ្យាមុខងារកាមេរ៉ាខ្លាំង និងកញ្ចក់ Gorilla Glass ចុងក្រោយបង្អស់ថែមទៀត។ សម្រាប់ព័ត៌មានលម្អិត ក្រុមហ៊ុន Samsung នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 13 ខែឧសភាសម្រាប់ស្មាតហ្វូននេះ៕
Galaxy S25 Edge នឹងបំពាក់កាមេរ៉ាទំហំ 200MP និងបន្ទះឈីប Snapdragon 8 Elite