
យោងតាមរបាយការណ៍ជាច្រើនដែលបានចេញផ្សាយនាពេលថ្មីៗនេះ គឺបានបង្ហាញចេញនូវកាលបរិច្ឆេទចំនួន 2 សម្រាប់ព្រឹត្តិការណ៍ Unpacked 2025 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ហើយ ដែលកម្មវិធីនេះ ត្រូវបានគេដឹងថា នឹងមានការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S25 series។ ទាក់ទងនឹងព័ត៌មានខាងលើនេះ អ្នកលេងបណ្តាញសង្គមដែលមានឈ្មោះ @Jukanlosreve បាននិយាយថា ក្រុមហ៊ុន Samsung នឹងរៀបចំនូវព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី 23 ខែមករាឆ្នាំ 2025 ខាងមុខនេះ។
នៅពេលដែរនេះ អ្នកទម្លាយ @MaxJmb ក៏មានការបង្ហោះនៅលើ X ដែរថា ព្រឹត្តិការណ៍ Unpacked នឹងធ្វើឡើងមួយថ្ងៃមុនគឺថ្ងៃទី 22 ខែមករានេះ។ បើទោះបីជាស្មាតហ្វូន Galaxy S25 series បង្ហាញខ្លួននៅថ្ងៃទី 22 ខែមករា ឬថ្ងៃទី 23 ខែមករាក៏ដោយ សារព័ត៌មានរបស់កូរ៉េនេះ និយាយថា ក្រុមហ៊ុន Samsung នឹងរៀបចំនូវព្រឹត្តិការណ៍ Unpacked ជំនាន់ថ្មីនេះនៅក្នុងទីក្រុង San Francisco នៅក្នុងសហរដ្ឋអាមេរិក។

សូមជំរាបថា កន្លងមកនៅក្នុងឆ្នាំ 2023 ក្រុមហ៊ុន Samsung បានបង្ហាញនូវស្មាតហ្វូន Galaxy S23 Series ដែលជាម៉ូដែល Flagship របស់ខ្លួន នៅក្នុងទីក្រុង San Francisco។ នៅក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ Galaxy Unpacked 2024 គឺបានធ្វើឡើងនៅក្នុងទីក្រុង San Jose សម្រាប់ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S24 និងការបង្ហាញនូវ Galaxy AI។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏ត្រូវបានគេបញ្ជាក់ថា បាននឹងកំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូនថ្មីដែលមានឈ្មោះហៅថា Galaxy S25 Slim ផងដែរ ដោយម៉ូដែលនេះ គឺមានរូបរាងស្តើងជាងស្មាតហ្វូន Galaxy S25 ទាំង 3 ម៉ូដែលទៀត។ ជាមួយនឹងម៉ូឌែល Slim នេះ អាចនឹងមានកាមេរ៉ាដល់ទៅ 200MP ហើយអាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked នៅចុងខែមករាថែមទៀតផង។ ប៉ុន្តែថ្មីៗនេះ យើងក៏បានទទួលដំណឹងថា ក្រុមហ៊ុន Samsung នឹងមិនបង្ហាញនូវស្មាតហ្វូន Galaxy S25 Slim នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន S25 series នោះទេ៕
