ស្វែងរកពួកយើង:

Galaxy S25 Series នឹងមានដាក់លក់នៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

25 ធ្នូ 2024 07:31 ព្រឹក

អាន 2 នាទី

Article image
និយាយពីការប្រកាសចេញជាផ្លូវការទៅលើស្មាតហ្វូន Galaxy S25 Series គិតមកដល់ថ្ងៃនេះ គឺនៅសល់ពេលតែប៉ុន្មានសប្តាហ៌ទៀតប៉ុណ្ណោះ។ ខណៈដែលមានការង់ចាំយ៉ាងអន្ទះសារនោះ កាលពីប៉ុន្មានថ្ងៃមុននេះ មានការបែកធ្លាយថា ក្រុមហ៊ុន Samsung នឹងបង្ហាញចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីនេះ នៅថ្ងៃទី 22 ខែមករាខាងមុខនេះហើយ។ តាមការបែកធ្លាយថ្មីមួយ បានអោយដឹងថា ស្មាតហ្វូន Galaxy S25 អាចនឹងលក់នៅដើមខែកុម្ភៈ ឆ្នាំ 2025 នេះ។
យោងតាមរបាយការណ៍មួយចេញពីសារព័ត៌មាន Financial News បានអោយដឹងថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបញ្ចេញលក់ស្មាតហ្វូន Galaxy S25 Series នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2025។ បន្ទាប់ពីការប្រកាសជាផ្លូវការនៅថ្ងៃទី 22 ខែមករានេះ ស្មាតហ្វូន High-End របស់ក្រុមហ៊ុន Samsung នេះអាចនឹងធ្វើការ Pre-Order ចាប់ពីថ្ងៃទី 24 ខែមករានះ សម្រាប់ទីផ្សារមួយចំនួន ហើយនឹងបញ្ចប់នៅថ្ងៃទី 3 ខែកុម្ភៈខាងមុខ។
Article image
ខណៈពេលដែលរបាយការណ៍នេះ មិនបញ្ជាក់អំពីកាលបរិច្ឆេទនៃការលក់ទៅលើស្មាតហ្វូន Galaxy S25 សម្រាប់ទីផ្សារណាមួយនោះទេ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួនដូចទៅនឹងកាលបរិច្ឆេទនៃការសម្ពោធនៅក្នុងទីផ្សារនៃប្រទេសកូរ៉េខាងត្បូងរបស់ក្រុមហ៊ុន Samsung ។ កាលពីដើមឆ្នាំនេះ ស្មាតហ្វូនGalaxy S24 បានបង្ហាញខ្លួននៅថ្ងៃទី 31 ខែមករានេះនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងទីផ្សារជាច្រើនទៀតនៅក្នុងអ៊ឺរ៉ុបផងដែរ។ មានការរំពឹងថា ក្រុមហ៊ុន Samsung អាចនឹងបង្កើនតម្លៃទៅលើស្មាតហ្វូន Galaxy S25 series បើធៀបជាមួយនឹងម៉ូដែលជំនាន់មុនរបស់ខ្លួននៅក្នុងទីផ្សារមួយចំនួនថែមទៀតផង។
Article image
របាយការណ៍នេះ បានអះអាងថា ក្រុមហ៊ុន Samsung នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ទៅលើគ្រប់ស្មាតហ្វូន Galaxy S25 series ទាំងអស់។ បន្ថែមពីនេះ សម្រាប់ស្មាតហ្វូន Galaxy S25 “Slim” នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2025 នៅខែក្រោយនេះផងដែរ។ ស្រដៀងគ្នាទៅនឹងរបាយការណ៍ពីម្សិលមិញនេះ Financial News រាយការណ៍ថា ស្មាតហ្វូន Galaxy S25 Ultra នឹងមានកាមេរ៉ា 50MP ultrawide ដែលមានការ upgrade ពីស្មាតហ្វូន  Galaxy S24 Ultra ដែលបំពាក់កាមេរ៉ា 12MP ultrawide ប៉ុណ្ណោះ។ ស្មាតហ្វូន  Galaxy S25 Ultra នេះនឹងមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB និង 1TB ផងដែរ៕
Galaxy S25 Series នឹងមានដាក់លក់នៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2025 នេះ