
Galaxy S24 ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង ដែលបានបង្ហាញវត្ត មានកាលពីខែមករាកន្លងទៅនេះ ត្រូវបានគេមើលឃើញថា មានរ៉េមទំហំ 8GB និងអង្គចងចាំទំហំ 128GB ទៅលើម៉ូដែលស្តង់ដារ។ ការប្រើប្រាស់នូវទំហំខាងលើនេះ ត្រូវបានគេបញ្ជាក់ថា ហាក់ដូចជាមិនសមជាស្មាតហ្វូនម៉ូដែលប្រណិតនោះទេ ដោយសារតែស្មាតហ្វូនរបស់ក្រុមហ៊ុនដៃគូរនានា គឺមានការបង្កើននូវទំហំរ៉េម 12GB និងអង្គចងចាំទំហំ 256GB ឬធំជាងនេះថែមទៀតផង។
នៅថ្ងៃនេះ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយដែលបង្ហោះនៅលើបណ្តាញសង្គម X ដោយអ្នកទម្លាយមួយរូបបាននិយាយថា សម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 ដែលបង្ហាញវត្តមាននៅដើមឆ្នាំនេះ គឺនឹងមានការបង្កើងនូវទំហំរ៉េមដល់ 12GB និងអង្គចងចាំទំហំធំជាងមុនដល់ទៅ 256GB សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ។ ការបង្កើនទំហំស្មាតហ្វូននេះ គឺធ្លាប់បានបង្ហាញនៅលើបញ្ជីធ្វើតេស្តសមត្ថភាពម្តងរួចមកហើយ។ ហើយបើតាមការទម្លាយក្នុងបញ្ជីនេះថែមទាំងមានការបញ្ជាក់ថា Galaxy S25 Ultra នឹងមានរ៉េមទំហំ 16GB ផងដែរ។

សូជំរាបផងដែរ សម្រាប់ព័ត៌មានខាងលើនេះ គឺគ្រាន់តែពាក្យចចាមអារ៉ាមថ្មីៗតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ សម្រាប់ការបង្កើនទំហំរ៉េម និងអង្គចងចាំនៅលើស្មាតហ្វូនជំនាន់ថ្មីៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គឺធ្លាប់បានទម្លាយជាច្រើនរួចមកហើយ។ ដូច្នេះបើសិនជាព័ត៌មាននេះ ក្លាយជាការពិតមែននោះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នឹងកាន់តែមានការពេញនិយមខ្លាំងជាក់ជាមិនខាន។ មានការព្យាករណ៌ថា ក្រុមហ៊ុននេះ អាចនឹងមានការបន្ថែមទំហំធំនេះផងដែរ ដើម្បីប្រជែងជាមួយស្មាតហ្វូនប្រណិតៗរបស់ប្រទេសចិន ដែលកំពុងតែមានវត្តមាននៅលើទីផ្សារនាពេលនេះ និងនៅពេលខាងមុខ។
