
និយាយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S25 Series បើគិតមកដល់ពេលនេះ គឺនៅសល់ពេលយូរទៀតទំរាំដល់ពេល ដែលក្រុមហ៊ុន Samsung ប្រកាសសម្ពោធជាផ្លួវការ ដោយបច្ចុប្បន្ននេះ យើងរង់ចាំការបង្ហាញនូវស្មាតហ្វូនបត់បានGalaxy Foldable ជាមុនសិន។ ប៉ុន្តែបើទោះនៅសល់ពេលយូរក៏ដោយ ក៏ពាក្យចចាមអារ៉ាមជាច្រើនថ្មីៗនេះ គឺបានបញ្ចេញនូវព័ត៌មានស្មាតហ្វូន Galaxy S25 series នៅលើអនឡាញហើយ។ ការបែកធ្លាយថ្មីនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិកាមេរ៉ារបស់ស្មាតហ្វូន Galaxy S25 Ultra ផងដែរ។
យោងតាមការបញ្ជាក់ចេញពីប្រភពដែលអាចទុកចិត្តបាន Ice Universe បាននិយាយថា ស្មាតហ្វូន S25 Ultra ដែលជាម៉ូដែលថ្មីមួយ ដែលគេដឹងថា ជាម៉ូដែលប្រណិតជាងគេនោះ គឺនឹងមានកាមេរ៉ា 4 គ្រាប់ ដូចម៉ូដែលជំនាន់មុននេះដដែល ដោយគ្រាន់តែធ្វើការ upgrades ទៅលើសិនស័រថ្មីចំនួន 2។ អ្នកទម្លាយរូបនេះ បាននិយាយទៀតថា ស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាទំហំគោលទំហំ 200MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ហើយនិងគ្រាប់ទីពីបីមានទំហំ 50MP telephoto lens គាំទ្រជាមួយនឹងមុខងារហ៊្សូម 3x optical zoom រួមនិងគ្រាប់ទីបួនមានទំហំ 50MP super-telephoto lens និងមានការភ្ជាប់ជាមួយនឹងមុខងារហ៊្សូម 5x optical zoom។ ផ្អែកលើការលើឡើងនេះ មានន័យថា ស្មាតហ្វូននេះ នឹងមានការអាប់ដេតទៅលើ ultrawide និង telephoto lenses។

ប្រៀបធៀបជាមួយនិងស្មាតហ្វូន Galaxy S24 Ultra ដែលបានបង្ហាញខ្លួននាពេលកន្លងមកនោះ គឺមានកាមេរ៉ា ultrawide lens ទំហំ 12MP និង telephoto lens ទំហំ 10MP និងមានការភ្ជាប់ជាមួយនឹងមុខងារហ៊្សូម 3x optical zoom ប៉ុណ្ណោះ។សម្រាប់កាមេរ៉ាគោល និងកាមេរ៉ា super-telephoto sensors គឺមានទំហំ 200MP និង 50MP resolutions ដដែល។

គួរបញ្ជាក់ថា ការពីមុននេះ មានរបាយការណ៍ជាច្រើន បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងនាំយកនូវកាមេរ៉ា 3 គ្រាប់ប៉ុណ្ណោះសម្រាប់ស្មាតហ្វូន S25 Ultra។ ស្មាតហ្វូន Galaxy S25 Ultra នឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់។ ស្មាតហ្វូន S25 Ultra នេះគឺមានសិនស័រទំហំ 200MP។ ស្មាតហ្វូន S25 Ultra នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 និងមានការតម្លើងមកជាមួយនូវស្បែកមុខកម្មវិធី One UI 7 ហើយនិងផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 15 ថែមទៀតផង។ សម្រាប់ការឌីស្សាញទៅលើស្មាតហ្វូននេះ គឺមាចនឹងមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ៕
