
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series។ ស្មាតហ្វូននេះមាន 3 ម៉ូដែលគឺ Galaxy S25, Galaxy S25+ និង Galaxy S25 Ultra។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ក៏បានធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងវត្តមានស្មាតហ្វូន Galaxy S25 Edge ផងដែរ ប៉ុន្តែស្មាតហ្វូននេះមិនទាន់លក់នោះទេ រហូតដល់ពាក់កណ្តាលឆ្នាំនេះ។ សម្រាប់ពេលនេះ គឺមានស្មាតហ្វូនតែ 3 ម៉ូដែលប៉ុណ្ណោះដែលលក់នៅលើទីផ្សារ។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញពី ET News របស់ប្រទេសកូរ៉េខាងត្បូង បានអោយដឹងថា មនុស្សភាគច្រើននៅក្នុងប្រទេសនេះ គឺពេញចិត្តទិញច្រើនទៅលើស្មាតហ្វូន Galaxy S25 Ultra នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន SK Telecom។ ស្មាតហ្វូន Galaxy S25 Ultra មានការលក់បានជិត 70% ទៅលើការលក់សរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន ផ្តល់សេវាទូរគមនាគមន៍នេះ បាននិយាយថា សម្រាប់ពណ៌ខ្មៅ Titanium Black និងពណ៌ Titanium White Silver គឺលក់ដាច់ខ្លាំងបំផុត។

សម្រាប់ពណ៌ដែលលក់ដាច់បំផុតនៅលើស្មាតហ្វូន Galaxy S25 និង Galaxy S25+ គឺមានជម្រើសពណ៌ Ice Blue និង Silver Shadow។ ជាចុងក្រោយ ក្រុមហ៊ុន SK Telecom បាននិយាយថា តម្រូវការទៅលើស្មាតហ្វូន Galaxy S25 Series នេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S24 series ផងដែរ។ គួររំលឹកផងដែរថា តម្រូវការទៅលើស្មាតហ្វូនកាលពីឆ្នាំមុននេះ គឺខ្ពស់ ដែលនេះបញ្ជាក់ថា ការលក់ស្មាតហ្វូន Galaxy S25 ក៏មានចំនួនច្រើនផងដែរ៕
