
ព្រឹត្តិការណ៍ Galaxy Unpacked 2025 របស់ក្រុមហ៊ុន Samsung នឹងមានរៀបចំធ្វើឡើងនៅខានស្អែកនេះហើយ នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុន Samsung នឹងមានការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S25 series ជាផ្លូវការណ៌។ មុនព្រឹត្តិការណ៌នេះ អ្នកទម្លាយ @chunvn8888 បានអះអាងថា សម្រាប់ទំហំ 16GB របស់ស្មាតហ្វូន Galaxy S25 Ultra គឺនឹងលក់នៅលើទីផ្សារ 4 ប៉ុណ្ណោះ ដែលទីផ្សារទាំងនោះ កប្រទេសឥណ្ឌា កូរ៉េខាងត្បូង ចិន និងក្នុងប្រទេសវៀតណាម។
ខណៈនេះរ៉េមទំហំ 12GB ប្រហែលជាមិនទាន់ធំគ្រប់គ្រាន់ក្នុងការប្រើប្រាស់នោះទេ ដូច្នេះ មនុស្សជាច្រើន បាននឹងកំពុងតែ រង់ចាំនូវវត្តមានស្មាតហ្វូនដែលមានទំហំដែលធំជាងនេះ ដើម្បីបង្កើនល្បឿននៃការប្រើប្រាស់នៅលើស្មាតហ្វូនរបស់គេគ្រប់គ្នា។ ការបង្កើនទៅលើសមត្ថភាពនៃកម្លាំងម៉ាស៊ីនពិតជាសំខាន់ណាស់សម្រាប់ស្មាតហ្វូននេះ ដើម្បីប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន AI ជាច្រើនទៀត ហើយនេះក៏ជាចំណុចទាក់ទាញសម្រាប់ការលក់ស្មាតហ្វូន Galaxy S25 series ផងដែរ។ មុននេះ ក្រុមហ៊ុន Apple ក៏បានបង្កើនទៅលើរ៉េម ដើម្បីអាចប្រើប្រាស់ទៅលើ Apple Intelligence នៅលើស្មាតហ្វូន iPhones បច្ចុប្បន្នរបស់ខ្លួនដូចគ្នា។

សម្រាប់ស្មាតហ្វូន Galaxy S25 Ultra ដែលដំណើរការជាមួយនឹងរ៉េម 16GB ត្រូវបានគេជឿជាក់ថា គឺពិតជាល្អសក្តិសមក្នុងការលេងហ្គេមធំៗ កម្មវិធីដែលធ្ងន់ៗដូចជាសម្រាប់កាត់តវីដេអូ និងការធ្វើការងារច្រើនក្នុងពេលតែមួយថែមទៀតផង។ ទោះបីជាអ្នកទម្លាយនេះ មិនបានបញ្ជាក់អំពីហេតុផលនៅពីក្រោយការសម្រេចចិត្តនេះ ក្រុមហ៊ុន Samsung អាចនឹងមានគម្រោងបន្ថែមទៀតក្នុងការបញ្ចេញនូវ 16GB នេះទៅកាន់ប្រទេសជាច្រើនទៀតនាពេលខាងមុខ។

ស្មាតហ្វូន Galaxy S25 Ultra នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលខ្លាំងក្លាជាងបន្ទះឈីប Snapdragon 8 Gen 3 ទាំងផ្នែក performance និង power efficiency របស់ស្មាតហ្វូន Galaxy S24 Ultra ។ តាមអ្នកទម្លាយ Digital Chat Station ក៏បានបញ្ជាក់អោយដឹងដែរថា ស្មាតហ្វូន 2026 ខាងមុខនេះ អាចនឹងមានបំពាក់នូវកាមេរ៉ា 200MP periscope telephoto ផងដែរ៕
