
ថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មីម៉ូដែល Galaxy S25+ របស់ក្រុមហ៊ុន Samsung ត្រូវបានគេប្រទះឃើញទើបតែបង្ហាញខ្លួននៅលើបញ្ជីធ្វើតេស្តសមត្ថភាព Geekbench ជាមួយនឹងលទ្ធផលដ៏អស្ចារ្យបំផុតតាមរយៈនៃការប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite។ បើមើលទៅលើពិន្ទុនេះខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូននេះមាន upgrade ដ៏សំខាន់ទៅលើសមត្ថភាពនៃកម្លាំងម៉ាស៊ីនខ្លាំងជាងមុនប្រៀបធៀបទៅនឹងស្មាតហ្វូន S24+ និង S25។
នៅលើបញ្ជី Geekbench នេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25+ គឺទទួលបាននូវពិន្ទុ 3160 នៅក្នុងការតេស្ត single-core និងពិន្ទុ 9941 ទៅលើការតេស្ត multi-core។ បើមើលទៅលើស្មាតហ្វូន Galaxy S25 វិញ គឺមានពិន្ទុ 2481 និង 8658។ បន្ថែមពីនេះនៅលើបញ្ជីរបស់ Geekbench នេះ ក៏មានការបញ្ជាក់ថា បន្ទះឈីប Snapdragon 8 Elite នេះ មានល្បឿន 4.47 GHz ដែលខ្ពស់ជាងបន្ទះឈីប Standard version រត់បានត្រឹមល្បឿន 4.32GHz ប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Galaxy S25+ នេះ ក៏មានការតម្លើងរ៉េមទំហំ 12GB ផងដែរ។ ស្មាតហ្វូន Galaxy S25 series នេះ ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួននៅថ្ងៃទី 22 ឬថ្ងៃទី 23 ខែមករាឆ្នាំក្រោយ។

ទាក់ទងនឹងព័ត៌មានថ្មីនេះដែរ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ កាលពីពេលមុននេះ ស្មាតហ្វូន Galaxy S25+ ក៏បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Exynos 2500 របស់ក្រុមហ៊ុន Samsung ផងដែរ ដោយទទួលបាននូវពិន្ទុ 2359 នៅក្នុងការតេស្ត single-core និង 8141 នៅក្នុងការតេស្ត multi-core។

សូមជំរាបថា ជាធម្មតានៅក្នុងប្រវត្តិរបស់ក្រុមហ៊ុន Samsung កន្លងមក សម្រាប់វត្តមានស្មាតហ្វូនថ្មីៗរបស់ S-Series គឺតែងតែមានការប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួន Exynos ហើយស្មាតហ្វូនទាំងនោះ នឹងមានលក់នៅលើទីផ្សារជាច្រើនក្រៅពីសហរដ្ឋអាមេរិក ចិន និងតំបន់មួយចំនួនទៀត។ បើធៀបរវាងបន្ទះឈីប Exynos 2500 នោះ គេសង្កេតឃើញថា បន្ទះឈីប Snapdragon 8 Elite នេះគឺមានតម្លៃខ្ពស់ជាងបន្ទះឈីបជំនាន់មុនផងដែរ៕
