
Galaxy S25+ គឺជាស្មាតហ្វូនស៊េរីថ្មីមួយស្ថិតនៅក្នុងចំណោមស្មាតហ្វូនត្រកូល Galaxy S25 Series របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលគ្រោងនឹងប្រកាសចេញនៅលើទីផ្សារនាដើមឆ្នាំខាងមុខនេះ ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើបញ្ជីធ្វើតេស្តសមត្ថភាព Geekbench រូចហើយ ដោយបានភ្ជាប់ជាមួយនូវលទ្ធផលដ៏អស្ចារ្យថែមទៀតផង តាមរយៈនៃដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite។ ជាមួយពិន្ទុខាងលើនេះ បានបង្ហាញអំពីការ upgrade ដ៏សំខាន់ទៅលើសមត្ថភាពនៃកម្លាំងម៉ាស៊ីនខ្លាំងជាងមុនប្រៀបធៀបទៅនឹងស្មាតហ្វូន S24+ និង S25។
តាមរយៈនៃការធ្វើតេស្តនៅលើ Geekbench នេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25+ នេះ គឺទទួលបាននូវពិន្ទុ 3160 នៅក្នុង single-core និងពិន្ទុ 9941 នៅក្នុងការតេស្ត multi-core ។ បើមើលទៅលើស្មាតហ្វូន Galaxy S25 វិញ គឺមានពិន្ទុ 2481 និង 8658។ សូមជំរាបថា នៅក្នុងបញ្ជីរបស់ Geekbench នេះ បានការបញ្ជាក់ថា ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលមានល្បឿន 4.47GHz ខ្ពស់ជាងល្បឿន 4.32 GHz នៅលើ Standard version ដែលប្រើនប្រាស់នៅលើម៉ូដែលផ្សេង។ បន្ថែមពីនេះទៀតនោះ ក៏មានការបង្ហាញស្មាតហ្វូន Galaxy S25+ នេះ មានរ៉េមទំហំ 12GB ថែមទៀតផង។

បើតាមការបញ្ជាក់កន្លងមកបាននិយាយថា ស្មាតហ្វូន Galaxy S25 Series នេះ អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 22 ឬថ្ងៃទី 23 ខែមករាឆ្នាំក្រោយនេះហើយ។ សម្រាប់អ្វីដែលគួរអោយចាប់អារម្មណ៍ទៅលើស្មាតហ្វូន Galaxy S25+ នេះដែរ គឺថា កាលពីពេលមុននេះ ស្មាតហ្វូននេះ ក៏មានការបង្ហាញខ្លួននៅលើ Geekbench ផងដែរ ប៉ុន្តែប្រើប្រាស់ជាមួយនឹងបន្ទះឈីបxynos 2500 របស់ក្រុមហ៊ុន Samsung។ ហើយសម្រាប់លទ្ធផល ដែលទទួលបាននោះ គឺមានពិន្ទុ 2359 នៅក្នុងការតេស្ត single-core និង 8141 នៅក្នុងការតេស្ត multi-core។

សូមជំរាបថា បើតាមប្រវត្តិរបស់ក្រុមហ៊ុន Samsung នោះ សម្រាប់ការបង្ហាញវត្តមានស្មាតហ្វូន Galaxy S25 និង S25+ នេះ អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos chipsets នៅក្នុងទីផ្សារជាច្រើនផងដែរ គឺក្រៅពីសហរដ្ឋអាមេរិក ចិន និងតំបន់មួយចំនួនទៀត។ បើសិនជាយើងប្រៀបធៀបរវាងបន្ទះឈីប Exynos 2500 នោះ អាចនិយាយបានថា បន្ទះឈីប Snapdragon 8 Elite នេះគឹមានតម្លៃខ្ពស់ជាងបន្ទះឈីបជំនាន់មុន៕
