
យោងតាមការទម្លាយថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Galaxy S26 Series អាចនឹងមានការពង្រឹងទៅលើផ្នែកកាមេរ៉ា កម្មវិធី Software និងកម្លាំងម៉ាស៊ីនផងដែរ។ ក្រឡេកទៅលើមើលពាក្យចចាមអារ៉ាមកន្លងមកធ្លាប់បានបង្ហើបថា ស្មាតហ្វូនថ្មី នឹងមាន 3 ម៉ូដែល ដូចជា Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន Samsung បានសម្រេចចិត្តជាថ្មីហើយ ដោយនឹងមានការបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីប្រភេទស្តង់ដារ, Plus និងម៉ូដែល Ultra។ នៅពេលនេះ ការឌីស្សាញទៅលើស្មាតហ្វូន Galaxy S26 ក៏ត្រូវបានទម្លាយផងដែរ។
បើតាមអ្នកទម្លាយ @UniverseIce ដែលទើបតែចែករំលែករូបភាពថ្មីរបស់ស្មាតហ្វូន Galaxy S26 ផងដែរ។ ស្មាតហ្វូនថ្មីនេះនឹងមានកម្រាស់ 6.9mm កម្រ៉ាស់ស្តើងជាងស្មាតហ្វូន Galaxy S25 ដល់ទៅ 0.3mm។ តាមរយៈរូបភាពនេះ ក៏មានការទម្លាយអំពីទម្រង់កាមេរ៉ា Pill-shape របស់ស្មាតហ្វូននេះដែរ ដែលមើលទៅ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 7។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញ នឹងបំពាក់នូវ Magnetic សម្រាប់បច្ចេកវិទ្យាសាកឥតខ្សែរ Qi2 wireless charging ទៀតផង។ សម្រាប់ម៉ូដែលនេះ អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលទទួលបានវិញ្ញាបនបត្រ Qi2 នេះ។
គួរបញ្ជាក់ថា ស្មាតហ្វូនជំនាន់មុនៗរបស់ក្រុមហ៊ុននេះ ដូចជា Samsung Galaxy S25 Series និង Galaxy Z Fold 7 ទើបតែទទួលបានវិញ្ញាបនបត្រ Qi2 Ready ដែលមានន័យថា ស្មាតហ្វូនជំនាន់ថ្មីនេះ មិនមានទ្រទ្រង់នូវបច្ចេកវិទ្យា Magnets ដូច្នេះវាត្រូវការនូវ Qi2 Case ទើបអាចប្រើប្រាស់នូវបច្ចេកវិទ្យា Qi2 Wireless Charging បាន។ ស្មាតហ្វូនជំនាន់ Galaxy S26 នេះ នឹងមានអេក្រង់ទំហំ 6.3-អ៊ីង Dynamic AMOLED 2x ជាមួយនឹងកម្រិតពន្លឺ 3,000nits Peak Brightness, សិនស័រស្កែនម្រាមដៃ ultrasonic, កាមេរ៉ាគោល 50MP, 50MP ultrawide និងមួយគ្រាប់ 10MP Telephoto។

ក្រុមហ៊ុន Samsung នឹងបំពាក់នូវបន្ទះឈីប 2nm Exynos 2600 (Snapdragon 8 Elite Gen 5 នៅក្នុងប្រទេសមួយចំនួន) នៅលើស្មាតហ្វូន Galaxy S26, រ៉េម 12GB និងម៉េមូរីទំហំ 256GB/512GB។ ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការនូវ Android 16 ជាមួយនឹង One UI 8.5 ដែលនឹងមានការបន្ថែមនូវមុខងារថ្មីៗ និងការផ្លាស់ប្តូរ UI ផងដែរ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានបំពាក់នូវ GPS, 5G, Wi-Fi 7, Bluetooth 6.0, NFC និង USB 3.2 Type-C port។ ស្មាតហ្វូននេះក៏បំពាក់នូវ IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីថែមទៀត។ ស្មាតហ្វូននេះបំពាក់នូវថាមពលថ្មទំហំ 4,300mAh, 25W charging និង 15W wireless charging ៕
