
នៅតែ 2 ថ្ងៃទៀតទេ Samsung នឹងធ្វើការប្រកាសចេញស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ខ្លួន គឺ Galaxy S25 Series ដែលកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការដោយបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite រួមនឹងបច្ចេកវិទ្យាថ្មីមួយចំនួនទៀត។ ទោះជាយ៉ាងណាទៅលើបច្ចេកវិទ្យាសាកភ្លើងដែល Galaxy S25 Series គាំទ្រត្រូវបានគេរាយការណ៍ថា គឺដូចគ្នានឹងជំនាន់ Galaxy S24 Series ដដែល។
យ៉ាងណាមិញបើតាមរបាយការណ៍ថ្មីនេះ បាននិយាយថា Samsung នឹងមានការកែប្រែនូវបច្ចេកវិទ្យាសាកភ្លើងនៅលើកំពូលស្មាតហ្វូនរបស់ខ្លួនសម្រាប់ជំនាន់បន្ទាប់ដែលចេញនៅឆ្នាំ 2026 គឺ Galaxy S26 Series។ បើប្រភពរបាយការណ៍បាននិយាយថា Samsung Galaxy S26 Series នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មថ្មីហៅថា Silicon-Carbon Anode Batteries ដែលផ្តល់នូវកម្រិតថាមពលខ្ពស់ជាងបើធៀបនឹងថ្ម Lithium-Ion batteries ដែលប្រើនៅលើ Galaxy S-Series បច្ចុប្បន្ន។
សម្រាប់បច្ចេកវិទ្យាថ្មថ្មី Silicon-Carbon Anode Batteries ត្រូវបានគេដឹងថា វាផ្តល់នូវកម្រិតថាមពលខ្ពស់ជាង និងមានប្រសិទ្ធិ ភាពខ្ពស់ក្នុងការប្រើប្រាស់ ប៉ុន្តែ រក្សាកម្រាស់ស្មាតហ្វូនឲ្យនៅដដែល។ បើតាមគណនី X អតិត Twitter ឈ្មោះថា @kro_roe បានបង្ហោះនៅលើ Tweek ថា Samsung Galaxy S26 Series នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនកំលាំង 65W wired Fast Charging ជាមួយនឹងថ្មដែលមានទំហំធំ ដែលបង្កើនកំលាំងខ្ពស់ជាង 45W ដែលគេជឿជាក់ថាប្រើនៅលើជំនាន់ Galaxy S25 Series។
បច្ចុប្បន្នបើនិយាយពីក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសចិនដូចជា Xiaomi, Oppo, OnePlus, និងVivo ជាដើម បានបង្កើនល្បឿនសាកភ្លើងស្មាតហ្វូនរបស់ខ្លួនឡើងដល់ 100W ឬខ្ពស់ជាងនេះក៏មាន។ Samsung បានប្រើបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 25W នៅលើស្មាតហ្វូនកំពូលរបស់ខ្លួន រហូតដល់ Galaxy Note 10 Series គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W។ នៅជំនាន់ Galaxy S24 បានបន្តគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 25W ហើយសម្រាប់ Galaxy S25 Series ដែលត្រៀមមកដល់នាថ្ងៃទី 22 មករា ខាងមុខនេះអាចនឹងមានការផ្លាស់ប្តូរបច្ចេកវិទ្យសាកភ្លើង។

Samsung បានប្រើបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W Wired Fast Charging នៅលើស្មាតហ្វូនម៉ូដែល Plus ដោយចាប់ផ្តើមពីជំនាន់ Galaxy S22+ ដែលចេញក្នុងឆ្នាំ 2022។ យោងទៅលើប្រភពព័ត៌មានថ្មីដែលបានបញ្ចេញពីតម្លៃបឋមរបស់ Galaxy S25 Series នៅទីផ្សារប្រទេសឥណ្ឌា ថា Galaxy S25, S25Plus និង S25 Ultra នឹងកើនតម្លៃខ្ពស់ជាង $58 ធៀបនឹងតម្លៃជំនាន់ Galaxy S24៕
