
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series របស់ក្រុមហ៊ុន Samsung នៅឆ្នាំក្រោយនេះ ត្រូវបានគេព្យាកករណ៌ ថា អាចនឹងមានការផ្លាស់ប្តូរដ៏ធំមួយទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនទាំងនេះ។ យោងតាមរបាយការណ៍ថ្មីៗនេះ បានិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S26 series អាចនឹងមានរ៉េមទំហំ 16GB ។ ប្រសិនបើព័ត៌មាននេះ ក្លាយជាការពិតនោះ គឺមានទំហំធំជាង 2 ដងប្រៀបធៀបជាមួយរ៉េមដែលមាននៅលើ iPhones នៅក្នុងពេលបច្ចុប្បន្ននេះ។ ទាក់ទិនជាមួយនិងការពង្រឹងទៅលើរ៉េមធំនេះ ត្រូវបានគេជឿជាក់ថា គឺដើម្បីការងារ AI និងការងារ multitasking ជាច្រើនទៀត។
ថ្មីៗនេះ តាមការអះអាងមួយចេញពីអ្នកទម្លាយ Macquarie Research ដែលបានចែករំលែកចេញពីគណនី X មួយដែលមានឈ្មោះថា @Jukanlosreve បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy S26 ទាំងអស់ ដែលគ្រោងនឹងមានវត្តមាននៅឆ្នាំ 2026 នេះ នឹងមានរ៉េមទំហំ 16GB។ កន្លងមក មានតែស្មាតហ្វូន Ultra តែមួយគត់ដែលមានសម្រាប់ទីផ្សារមួយចំនួននៅអាស៊ាន (ដូចជាកូរ៉េខាងត្បូង និងចិន) គឺមានរ៉េមទំហំ 16GB ខណៈពេលដែលស្មាតហ្វូន Galaxy S25 series គឺមានរ៉េមទំហំ 12GB ប៉ុណ្ណោះ។

ក្រឡេកមកមើល ក្រុមហ៊ុន Apple គ្រប់ស្មាតហ្វូន iPhone 16 គឺមានរ៉េមទំហំត្រឹមតែ 8GB ប៉ុណ្ណោះ។ ចំពោះស្មាតហ្វូនម៉ូដែល iPhone 17 Pro និង iPhone 17 Air ដែលនឹងចេញលក់ឆ្នាំនេះ ត្រូវបានគេរំពឹងថា អាចនឹងមានការបង្កើនរ៉េមទំហំ 12GB។ សម្រាប់ម៉ូដែលស្តង់ដារ អាចនឹងគឺមានរ៉េមទំហំ 8GB ដដែល។

បច្ចុប្បន្ននេះ ក្រុមហ៊ុនម៉ាកយីហោជាច្រើនរបស់ចិន គឺបញ្ចេញនូវស្មាតហ្វូនដែលមានរ៉េមទំហំដល់ទៅ 24GB ហើយ ដែលនេះគឺជាឍទំហំធំបំផុត។ តាមអ្នកវិភាគ Ming-Chi Kuo បានបញ្ជាក់ថា សម្រាប់ប្រព័ន្ធ iOS គឺមិនផ្តោតខ្លាំងទៅលើការប្រើប្រាស់រ៉េមនោះទេ។ ដូចនេះ ប្រហែលជាគ្រប់ស្មាតហ្វូន iPhones មិនមានការអាប់ដែតរ៉េមខ្លាំងទេ គឺអាចនឹងរក្សានូវរ៉េមទំហំដដែល៕
