
កាលពីសប្តាហ៍មុននេះ មានការលេចចេញនូវរបាយការណ៍ថ្មីមួយ បាននិយាយអំពីស្មាតហ្វូនលំដាប់ថ្នាក់ Flagship របស់ក្រុមហ៊ុន Samsung ដែលស្ថិតនៅក្នុងត្រកូល Galaxy S26 Series ដោយស្មាតហ្វូននេះ នឹងមាន 3 ម៉ូដែល ត្រៀមធ្វើការប្រកាសចេញសម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយ។ តាមប្រភពខាងលើនេះ បានបង្ហើបថា នៅក្នុងចំណោមស្មាតហ្វូនស៊េរីថ្មីទាំង 3 ម៉ូដែលនេះ គឺនឹងមានស្មាតហ្វូនចំនួន 2 ម៉ូដែល មានកម្រាស់ស្តើងជាងស្មាតហ្វូនជំនាន់មុននេះ។ ហើយនៅថ្ងៃនេះ ទម្ងន់របស់ស្មាតហ្វូននេះ ក៏ត្រូវបានបញ្ជាក់ផងដែរ។
យោងតាមអ្នកទម្លាយ @UniverseIce ដែលបានបង្ហោះនៅលើបណ្តាញ X នោះ គឺមានការទម្លាយអំពីវិមាត្រ ហើយនិងកម្រាស់របស់ស្មាតហ្វូនស៊េរីថ្មី Galaxy S26 series ហើយថែមទាំងមានការប្រៀបធៀបជាមួយនឹងស្មាតហ្វូន iPhone 17 Series របស់ក្រុមហ៊ុន Apple ទៀតផង។ សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ Galaxy S26 អាចនឹងមានទម្ងន់ 164g ខណៈដែល Galaxy S26+ នឹងមានទម្ងន់ 191g។ ចំពោះបងធំគេ ស្មាតហ្វូន Galaxy S26 Ultra នឹងមានទម្ងន់ 214g។

ផ្អែកតាមព័ត៌មានថ្មីនេះ អាចនិយាយបានថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 និង Galaxy S26 Ultra គឺមានទម្ងន់ 2g និង 4g ស្រាលជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន ប៉ុន្តែទៅលើស្មាតហ្វូន Galaxy S26+ គឺមានទម្ងន់ធ្ងន់ជាងមុនដល់ទៅ 1g។ យ៉ាងណាមិញ ស្មាតហ្វូនជំនាន់ថ្មីទាំង 3 នេះ គឺមានកម្រាស់ស្តើងជាង និងស្រាលជាងស្មាតហ្វូន iPhone 17 Series របស់ក្រុមហ៊ុន Apple។ គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញានេះ មានការបែកធ្លាយមួយអំពីស្មាតហ្វូន Galaxy S26 Ultra ដោយអះអាងថាស្មាតហ្វូនថ្មីនេះ មានទម្ងន់ 217g ផងដែរ៕
