ស្វែងរកពួកយើង:

Galaxy S26 Ultra នឹងបំពាក់ឈីប Snapdragon 8 Gen 5 មានល្បឿនដំណើរការខ្លាំងបំផុត

ដោយ

Koun Jab Luffy

27 កញ្ញា 2024 11:26 ថ្ងៃត្រង់

អាន 3 នាទី

Article image
Samsung ត្រៀមបញ្ចេញកំពូលស្មាតហ្វូនត្រកូល Galaxy S ជំនាន់ថ្មីគឺ Galaxy S25 Series នៅដើមឆ្នាំក្រោយនេះអាចក្នុងខែមករា ឬខែកុម្ភៈ។ កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះមានដូចជា Galaxy S25, S25 Plus និង S25 Ultra។ ហើយសម្រាប់បងធំ Galaxy S25 Ultra ត្រូវបានគេដឹងថា គឺប្រើបន្ទះឈីបកំពូលរបស់ Qualcomm ជំនាន់ Snapdragon 8 Gen 4 ដែលក្រុមហ៊ុនត្រៀមធ្វើការប្រកាសចេញផ្លូវការណ៍នាខែតុលា ឬខែវិច្ឆិកា ខាងមុខនេះ។
បើតាមប្រភពព័ត៌មានកន្លងមកបាននិយាយថា Qualcomm Snapdragon 8 Gen 4 នឹងមានការបង្កើនសមត្ថភាពប្រព័ន្ធដំណើរការខ្លាំងក្លាជាងជំនាន់ Snapdragon 8 Gen 3 ដែលមានប្រើនៅលើស្មាតហ្វូនកំពូលៗនាពេលបច្ចុប្បន្ន។ ស្របពេលជាមួយគ្នានេះ មានប្រភពពីគណនី Weibo មួយដែលមានឈ្មោះថា “The Undead” បានធ្វើការបង្ហាញចេញនូវល្បឿន over-clock របស់បន្ទះឈីបនាគរាជជំនាន់ថ្មីដែលនឹងត្រូវបង្ហាញចេញនៅឆ្នាំ 2025 គឺ Snapdragon 8 Gen 5។
Article image
ប្រភពពីគណនី Weibo បាននិយាយថា Snapdragon 8 Gen 5 នឹងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធអង្គគណនា (CPU) 2+6 ដូចគ្នានឹងជំនាន់ Snapdragon 8 Gen 4 ដែលត្រៀមប្រកាសចេញនាពេលឆាប់ៗខាងមុខនេះដែរ។ ប្រភពដដែលបញ្ជាក់ទៀតថា សម្រាប់ល្បឿន over-clock នៃអង្គ CPU ដែលជា Dual-Performance core គឺឡើងដល់ 5GHz និង Six-Efficiency core មានល្បឿន 4GHz។ ដែលនេះនឹងធ្វើឲ្យល្បឿនដំណើរការរបស់ស្មាតហ្វូនដែលចេញនៅចុងឆ្នាំ 2025 និងឆ្នាំ 2026 ដូចជា Samsung Galaxy S26 Ultra ជាដើម គឺមានអនុភាពខ្លាំងក្លាបំផុតសម្រាប់ការដំណើរការកម្មវិធី និងបច្ចេកវិទ្យាថ្មីៗទំនើបចុងក្រោយ។
The Undead បានបញ្ជាក់បន្ថែមទៀតថា Snapdragon 8 Gen 5 នឹងក្លាយជាឈីប Snapdragon ដំបូងគេរបស់ Qualcomm ដែលត្រូវផលិតឡើងផ្អែកទៅលើប្រព័ន្ធដំណើរការ 3nm (N3P) process node ជំនាន់ទីបីរបស់ក្រុមហ៊ុន TSMC។ ដោយឡែកបើតាមប្រភពព័ត៌មានផ្សេងទៀតបានទម្លាយថា Snapdragon 8 Gen 5 នឹងត្រូវធ្វើការផលិតតាមប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន TSMC និង Samsung Foundary។ ដោយឈីបដែលផលិតដោយ Samsung នឹងប្រើប្រាស់នូវប្រព័ន្ធ 2nm (SF2) process node។
Article image
ចាប់ពីជំនាន់ឈីប Snapdragon 8 Gen 1 មក Qualcomm បានពឹងផ្អែកលើដំណើរការផលិតស្តង់ដាររបស់ក្រុមហ៊ុន TSMC សម្រាប់បន្ទះឈីបកំពូលរបស់ខ្លួន ដែលបានផ្តល់នូវអនុភាពភាព និងប្រសិទ្ធភាពដំណើរការខ្ពស់ដែលបន្តពីមួយជំនាន់។ យ៉ាងណាមិញក្រុមហ៊ុនផលិតបន្ទះឈីប Samsung Foundry របស់កូរ៉េខាងត្បូងត្រូវបានគេមើលឃើញថាអាចនឹងទទួលបានការគាំទ្រសម្រាប់ដំណើរការផលិតបន្ទះឈីប Snapdragon 8 Gen 5 របស់ Qualcomm បន្ទាប់ពី TSMC៕