
បន្ទាប់ពីការបង្ហាញចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series រួចមក! នៅពេលនេះ មនុស្សជាច្រើន បានចាប់ផ្តើមងាកមកចាប់អារម្មណ៍ទៅលើព័ត៌មានថ្មីៗពីកំពូលស្មាតហ្វូន Samsung Galaxy S26 series វិញម្តង ដែលមកដល់ពេលនេះ ការបែកធ្លាយជាច្រើនតែបន្តលេចចេញជារៀងរាល់ថ្ងៃ។ ជាក់ស្តែងនៅពេលនេះ មានព័ត៌មានលម្អិតអំពីស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ថែមទៀតហើយ។
ថ្មីៗនេះ អ្នកទម្លាយ Ice Universe បានចេញមកនិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra នេះ គឺនឹងមានការទម្លាក់កម្រិតកាមេរ៉ាតេឡេហ្វូតូហ៊្សូម 3x មកត្រឹមតែកម្រិតទំហំ 10MP ប៉ុណ្ណោះ។ ហើយថ្ងៃនេះ អ្នកទម្លាយដដែលនេះ ក៏បានបន្តទម្លាយលម្អិតអំពីកាមេរ៉ាតេឡេហ្វូតូហ៊្សូម 5x ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះទៀតហើយ ដោយនៅក្នុងនោះ មានការបញ្ជាក់ថា ឡែនតេឡេហ្វូតូហ៊្សូម 5x នៅលើស្មាតហ្វូន Galaxy S26 Ultra នេះ នឹងប្រើប្រាស់នូវសិនស័រទំហំ 50MP ដូចទៅនឹងស្មាតហ្វូន Galaxy S25 Ultra អញ្ចឹងដែរ។ សម្រាប់ការផ្លាស់ប្តូរថ្មី ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវសិនស័រនេះនៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S27 Ultra។

ទាក់ទងនឹងកាមេរ៉ានេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ក៏នឹងមានការពង្រឹងច្រើនទៅលើប្រព័ន្ធកាមេរ៉ារបស់វាផងដែរ ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើនប្រហែលជាមិនទាន់មានភាពរីករាយនៅឡើយទេ។ ពាក្យចចាមអារ៉ាមថ្មីៗនេះ បានអះអាងថា កម្រាស់នៃកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Ultra នេះ អាចនឹងក្រាស់ជាងម៉ូឌុលកាមេរ៉ានៅលើស្មាតហ្វូន Galaxy S25 Ultra ។

ក្រុមហ៊ុន Samsung ត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូន Galaxy S26 series នៅក្នុងខែមករាឆ្នាំក្រោយនេះ ដែលនឹងមានវត្តមានស្មាតហ្វូន Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra ៕
