
Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយរបស់ពិភពលោក ដែលកន្លងមក គឺមានទម្លាប់បង្ហាញនូវមុខងារថ្មីៗ ហើយកាន់តែប្លែកជានិច្ចសម្រាប់ផលិតផលជាច្រើនរបស់ខ្លួននៅពេលដែលចេញលក់នៅលើទីផ្សារ។ យោងតាមការទម្លាយនៅថ្ងៃនេះបាននិយាយថា សម្រាប់ស្មាតហ្វូន Galaxy S26 Ultra នៅឆ្នាំក្រោយនេះ ក្រុមហ៊ុននេះ នឹងមានការបំពាក់នូវមុខងារពិសេសបំផុតមួយ គឺការពង្រឹងទៅលើគុណភាពទៅលើប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ។ បើតាមការបញ្ជាក់របស់អ្នកទម្លាយ Ice Universe បានអោយដឹងថា ក្រុមហ៊ុន Samsung អាចនឹងបំពាក់នូវមុខងារ variable aperture នៅលើកាមេរ៉ារបស់ស្មាតហ្វូន Galaxy S26 Ultra។
ប្រភពខាងលើនេះ បានបន្តថា មុខងារថ្មីនេះ គឺនឹងប្រើប្រាស់នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះតែប៉ុណ្ណោះ។ សូមជំរាបថា ក្រុមហ៊ុន Huawei និង Xiaomi ធ្លាប់បានប្រើប្រាស់នូវមុខងារនេះ នៅលើស្មាតហ្វូន Flagship ជាច្រើនរបស់ខ្លួនផងដែរ។ សម្រាប់ក្រុមហ៊ុន Samsung ក៏ធ្លាប់បានដាក់អោយប្រើប្រាស់នូវ Dual-Aperture នៅលើស្មាតហ្វូន Galaxy S9 និង Galaxy S9+ របស់ខ្លួនផងដែរ។

ស្មាតហ្វូននេះ អាចធ្វើការផ្លាស់ប្តូរ Aperture រវាង f1.5 និង f2.4។ ការប្រើប្រាស់នូវ F1.5 Aperture អនុញ្ញាតអោយមានពន្លឺច្រើនជាងមុនចូលទៅក្នុងសេនស័រកាមេរ៉ា ហើយការប្រើប្រាស់នូវ f2.4 Aperture គឺល្អសម្រាប់ការថតរូបភាពនៅពេលថ្ងៃ។ សម្រាប់មុខងារ Dual-Aperture នេះ ក៏ធ្លាប់មាននៅលើស្មាតហ្វូន Galaxy S10 Series ប៉ុន្តែក្រុមហ៊ុន Samsung បានដកចេញវិញនៅពេលដែលមានវត្តមានស្មាតហ្វូន Galaxy S20 Series។

ប៉ុន្តែសម្រាប់វត្តមានស្មាតហ្វូន Galaxy S26 series ក្រុមហ៊ុន Samsung មានគម្រោងនាំយកនូវ Variable Aperture មកវិញហើយ។ គិតមកដល់ពេលនេះ នៅមិនទាន់ច្បាស់ថា មុខងារ Variable Aperture (multiple settings) នេះ គឺដូចទៅនឹងអ្វីដែលមាននៅលើស្មាតហ្វូន Xiaomi 14 Ultra ឬដូចទៅនឹង Dual-Aperture ដែលមាននៅលើស្មាតហ្វូន Galaxy S9 នោះទេ៕
