
នៅលើ Galaxy S26 Ultra គ្មានឡែន Periscope Zoom ទេ តែរូបភាព Bokeh គឺស្រដៀងទៅនឹង DSLR អញ្ចឹង
ខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានបញ្ចេញនូវសេនស័រកាមេរ៉ាធំជាងមុន និងសិនស័រកាមេរ៉ាដែលមានកម្រិតភាពច្បាស់ជាងមុនស្ទើរតែរៀងរាល់ឆ្នាំនោះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា ហាក់ដូចជានៅតែបន្តប្រើប្រាស់នូវកាមេរ៉ាដែលមានទម្រង់ដូចគ្នាពីជំនាន់មុនៗដដែល។ ជាក់ស្តែង Galaxy S26 Ultra គឺនៅតែប្រើប្រាស់នូវសិនស័រកាមេរ៉ាដូចគ្នាទៅនឹងកាមេរ៉ារបស់ស្មាតហ្វូនឆ្នាំមុនដែរ ដោយគ្រាន់តែពង្រឹងទៅលើ Apertures ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមហ៊ុននេះ មិនបាននិយាយអំពីរឿងនេះនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នោះទេ។

ទៅលើកាមេរ៉ា Telephoto ទំហំ 50MP របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra គឺមានការបំពាក់ជាមួយនឹងមុខងារ 5x optical zoom ដោយមិនមានការប្រើប្រាស់នូវ Periscope-Style Lens ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S Ultra ជំនាន់មុននោះទេ។ នៅក្នុងវីដេអូមួយ ដែលមានការដោះមើលផ្នែកខាងក្នុងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបង្ហាញថា សិនស័រ 50MP គឺមកជាមួយនឹង All Lens On Prism (ALoP)។ សូមជំរាបថា ក្រុមហ៊ុន Samsung ធ្លាប់ប្រកាសនូវបច្ចេកវិទ្យា ALoP Technology របស់ខ្លួននេះនៅចុងឆ្នាំ 2024 នេះហើយក្រុមហ៊ុន ក៏បានបន្តបង្ហាញនូវមុខងារ 3x Optical Zoom ថែមទៀទ។

កន្លងមកមានមនុស្សជាច្រើនដែលជាហ្វេនៗរបស់ក្រមហ៊ុនកូរ៉េខាងត្បូងមួយនេះ ធ្លាប់រំពឹងថា បច្ចេកិទ្យាថ្មីនេះ គឺនឹងមានការប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Galaxy S25 និង Galaxy S25+ ប៉ុន្តែនៅពេលចេញមក គឺក្រុមហ៊ុន Samsung មិនប្រើប្រាស់នូវបច្ចេកវិទ្យា AloP នេះ នៅក្នុងឆ្នាំ 2025 នោះទេ ដោយជំនួសមកវិញ ក្រុមហ៊ុននេះ ក៏បានអភិវឌ្ឍទៅលើ 5x optical zoom version របស់ ALoP lens ហើយនិងដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra។

ការផ្លាស់ប្តូរនូវបច្ចេកវិទ្យាថ្មីនេះ បានធ្វើអោយកាមេរ៉ា Telephoto នេះ មានទំហំតូចជាងស្មាតហ្វូនត្រកូល Galaxy S Ultra ជំនាន់មុននេះ ដោយបានធ្វើអោយផ្ទៃព្រាលខាងក្រោយនៃរូបភាព ដែលផ្តិតចេញមក គឺស្រដៀងគ្នាទៅនឹងកាមេរ៉ារបស់ DSLR អញ្ចឹង។ សម្រាប់ Aperture នៅលើកាមេរ៉ា Telephoto ក៏មានការពង្រឹងសមត្ថភាពខ្លាំងផងដែរ ជាពិសេស គឺទៅលើការថតវីដេអូ នៅកន្លែងដែលមានពន្លឺទាប ប្រៀបធៀបជាមួយនិងកាមេរ៉ា 5x Telephoto ដែលមាននៅលើស្មាតហ្វូន Galaxy S25 Ultra ៕

