ស្វែងរកពួកយើង:

Galaxy S26 Ultra ត្រូវគេទម្លាយជាថ្មីថា អាចនឹងមានអេក្រង់ទំហំ 6.9 អ៊ីង

ដោយ

Koun Jab Luffy

13 កញ្ញា 2025 02:15 រសៀល

អាន 2 នាទី

Article image
កាលពីប៉ុន្មានថ្ងៃមុននេះ ជឿជាក់ថា ហ្វេនៗទាំងអស់គ្នា ពិតជាបានជ្រាបនូវព័ត៌មានខ្លះៗពីស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Ultra រួចមកហើយ ខណៈដែលប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនឹងធ្វើឡើងនៅខែមករាខាងមុខនេះ។ សម្រាប់វត្តមានស្មាតហ្វូនថ្មីនេះ គឺមានការបង្ហើបថា នឹងមានការប្រើប្រាស់នូវអេក្រង់ជំនាន់ថ្មី ហើយនឹងមានការផ្លាស់ប្តូរទំហំថែមទៀតផង។
យោងតាមការទម្លាយថ្មីៗនេះ បានអោយដឹងថា Galaxy S26 Ultra នឹងមានអេក្រង់ទំហំ 6.89 អ៊ីង ដូច្នេះសម្រាប់ទំហំផ្លូវការណ៌ក្រុមហ៊ុននេះ នឹងប្រើទំហំ 6.9 អ៊ីង។ ទាក់ទងនឹងព័ត៌មានថ្មីនេះ អ្នកទម្លាយ Ice Universe ដែលជាប្រភពជឿជាក់បាននោះ បាននិយាយថា ក្រុមហ៊ុន Samsung នឹងធ្វើអោយមានការភ្ញាក់ផ្អើលសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនថ្មី បើទោះបីជាអេក្រង់នេះមានការពង្រីកទំហំតិចតួចក៏ដោយ ពីព្រោះថា បច្ចេកវិទ្យាអេក្រង់គឺចំណុចទាក់ទាញសម្រាប់ក្រុមហ៊ុននេះដែលតែងតែប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។
Article image
សូមជំរាបថា ថ្មីៗនេះ អ្នកទម្លាយ Ice Universe បានចេញមកនិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra នេះ គឺនឹងមានការទម្លាក់កម្រិតកាមេរ៉ាតេឡេហ្វូតូហ៊្សូម 3x មកត្រឹមតែកម្រិតទំហំ 10MP ប៉ុណ្ណោះ។ ហើយថ្ងៃនេះ អ្នកទម្លាយដដែលនេះ ក៏បានបន្តទម្លាយលម្អិតអំពីកាមេរ៉ាតេឡេហ្វូតូហ៊្សូម 5x ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះទៀតហើយ ដោយនៅក្នុងនោះ មានការបញ្ជាក់ថា ឡែនតេឡេហ្វូតូហ៊្សូម 5x នៅលើស្មាតហ្វូន Galaxy S26 Ultra នេះ នឹងប្រើប្រាស់នូវសិនស័រទំហំ 50MP ដូចទៅនឹងស្មាតហ្វូន Galaxy S25 Ultra អញ្ចឹងដែរ។ សម្រាប់ការផ្លាស់ប្តូរថ្មី ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវសិនស័រនេះនៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S27 Ultra។
Article image
ទាក់ទងនឹងកាមេរ៉ានេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ក៏នឹងមានការពង្រឹងច្រើនទៅលើប្រព័ន្ធកាមេរ៉ារបស់វាផងដែរ ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើនប្រហែលជាមិនទាន់មានភាពរីករាយនៅឡើយទេ។ ពាក្យចចាមអារ៉ាមថ្មីៗនេះ បានអះអាងថា កម្រាស់នៃកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Ultra នេះ អាចនឹងក្រាស់ជាងម៉ូឌុលកាមេរ៉ានៅលើស្មាតហ្វូន Galaxy S25 Ultra ។ ក្រុមហ៊ុន Samsung ត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូន Galaxy S26 series នៅក្នុងខែមករាឆ្នាំក្រោយនេះ ដែលនឹងមានវត្តមានស្មាតហ្វូន  Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra ៕
Galaxy S26 Ultra ត្រូវគេទម្លាយជាថ្មីថា អាចនឹងមានអេក្រង់ទំហំ 6.9 អ៊ីង