ស្វែងរកពួកយើង:

Galaxy S26 Ultra ទំនងជានឹងមានការឌីស្សាញថ្មីជាមួយកែងស៊ុមទាំងបួនកោងជាង S25 Ultra

ដោយ

Koun Jab Luffy

06 កញ្ញា 2025 03:31 រសៀល

អាន 2 នាទី

Article image
ប្រភពទម្លាយចេញពី Ice Universe បានបង្ហាញពីទម្រង់នៃការឌីស្សាញរូបរាងថ្មីនៃស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ Samsung គឺ Galaxy S26 Ultra ដែលនឹងមកដល់នាឆ្នាំ 2026។ តាមរូបភាព render ថ្មីនេះ បានបង្ហាញពីការឌីស្សាញថ្មីទៅលើស៊ុមជុំវិញរបស់ S26 Ultra ដែលមានសណ្តានកោងកែងទាំងបួនជាងជំនាន់ Galaxy S25 Ultra បច្ចុប្បន្ន។ បើតាមប្រភពបានបញ្ជាក់ថា Galaxy S26 Ultra នឹងមានកម្ពស់ 163.4 mm និងទទឹង 77.9mm ដែលមានខ្ពស់ជាង និងទទឹងធំជាង Galaxy S25 Ultra ដែលមានកម្ពស់ 162.8mm និងទទឹង 77.6 mm។
ចំនុចដែលធ្វើឲ្យ Galaxy S26 Ultra មានទំហំទទឹង និងកម្ពស់ខ្ពស់ជាង S25 Ultra ត្រូវបានគេជឿជាក់ថា ដោយសារតែមានការឌីស្សាញគែមកែងនៃស៊ុមជុំវិញមានសណ្តានកោងជាងមុន។សូមបញ្ជាក់ថា Samsung បានសម្រេចក្នុងការផ្លាស់ប្តូរការឌីស្សាញសម្រាប់កំពូលស្មាតហ្វូនម៉ូដែល Ultra របស់ខ្លួនពីរាងជ្រុងដែលឃើញមាននៅលើ Galaxy S24 Ultra មកជាមានសណ្តានកោងកែងជុំវិញសម្រាប់ម៉ូដែល Galaxy S25 Ultra ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំ 2025។
Article image
ហើយសម្រាប់ការបង្ហាញខ្លួនជំនាន់ថ្មី Galaxy S26 Ultra នៅដើមឆ្នាំ 2026 ក៏ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរការឌីស្សាញថ្មីផងដែរ ដែលធ្វើឲ្យកំពូលស្មាតហ្វូន Android របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ កាន់តែមានភាពប្រណិតខ្លាំង និងងាយស្រួលក្នុងការកាន់ប្រើប្រាស់ប្រចាំថ្ងៃ។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិរបស់ Galaxy S26 Ultra បច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ៕
Galaxy S26 Ultra ទំនងជានឹងមានការឌីស្សាញថ្មីជាមួយកែងស៊ុមទាំងបួនកោងជាង S25 Ultra