
Galaxy Z Flip 7 ដែលជាស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៌ថា នឹងមានការបំពាក់នូវថាមពលថ្មធំជាងស្មាតហ្វូន Galaxy Z Flip 6 ដែលកំពុងតែមានដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។ យោងតាមការបញ្ជាក់ថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានថាមពលថ្មទំហំ 4,174 mAh ដោយបានបង្កើនពីទំហំ 3,887mAh ដែលមាននៅលើស្មាតហ្វូន Z Flip 6។
ដូចទៅនឹងឆ្នាំមុននេះផងដែរ ស្មាតហ្វូនបត់បាន Galaxy Z Flip 7 នេះ មានថាមពលថ្ម 2 គ្រាប់ ដោយមួយគ្រាប់មានទំហំ 2,985mAh និង 1,189mAh ដែលថាមពលថ្មសរុបរបស់វាគឺ 4,300mAh។ ការបង្កើនទៅលើថាមពលថ្មធំនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ទៅលើស្មាតហ្វូនបត់បាននេះ។ បើមើលទៅលើស្មាតហ្វូន Galaxy S25 គឺមានថាមពលថ្មត្រឹមតែ 4000mAh ប៉ុណ្ណោះ។

ប្រភពបែកធ្លាយខាងលើនេះបន្តថា នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Flip 7 នេះ នឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm ដែលដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S25 series ផងដែរ។ ស្មាតហ្វូនបត់បានខាងមុខនេះ ក៏នឹងប្រើប្រាស់នូវ One UI 7 ដែលនឹងបង្កើនទៅលើប្រសិទ្ធិភាពនៃការគ្រប់គ្រងថាមពលថ្ម និងបង្កើនប្រសិទ្ធិភាពនៃការប្រើប្រាស់កាន់តែរលូនថែមទៀតផង៕
