ស្វែងរកពួកយើង:

Galaxy Z Flip 8 នឹងក្លាយជាស្មាតហ្វូនបត់បានដំបូងបំផុតដែលបំពាក់នូវបន្ទះឈីប 2nm

ដោយ

Koun Jab Luffy

24 ធ្នូ 2025 07:51 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាតថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការប្រើប្រាស់នូវបន្ទះឈីប Exynos នៅលើស្មាតហ្វូនបត់បានប្រភេទ Clamshell Foldable របស់ខ្លួន។ ផ្អែកតាមរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូន អេក្រង់បត់ Galaxy Z Flip 8 នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2600 2nm។ ដូច្នេះ ប្រសិនបើព័ត៌មាននេះ គឺជាការពិតមែននោះ វត្តមានស្មាតហ្វូនបត់បានថ្មីនេះ គឺនឹងខុសប្លែកពីស្មាតហ្វូន Galaxy Z Flip Series ដែលស្មាតហ្វូនបត់បាននៅក្នុងត្រកូលស្មាតហ្វូន Flip Series ដែលកន្លងមកប្រើប្រាស់នូវបន្ទះឈីប Snapdragon។
សូមជំរាបថា គ្រប់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip ដែលបង្ហាញខ្លួនតាំងពីឆ្នាំ 2020 មក គឺប្រើប្រាស់នូវបន្ទះឈីប Qualcomm។ សម្រាប់ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung នេះ អាចនឹងជាយុទ្ធសាស្រ្តថ្មីសម្រាប់ក្រុមហ៊ុន Samsung ក្នុងការប្រើប្រាស់នូវបន្ទះឈីបរបស់ខ្លួនវិញម្តង។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏ទើបតែប្រកាសជាផ្លូវការថាបន្ទះឈីប Exynos 2600  នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 និង Galaxy S26+ របស់ខ្លួនផងដែរ។ យោងតាមពាក្យចចាមអារ៉ាមថ្មីខាងលើនេះ ក៏មានការបញ្ជាក់ថា បន្ទះឈីប Exynos នេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Galaxy S26 នៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ។
Article image
ប្រភពខាងលើនេះ បន្ថែមថា ក្រុមហ៊ុន Samsung បញ្ចេញនូវបន្ទះឈីប Exynos 2nm នេះមក គឺមានការបង្កើនទៅលើប្រសិទ្ធិភាព និងកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាបំផុត។ ថ្មីៗនេះ មានការបែកធ្លាយស្មាតហ្វូនអេក្រង់បត់ Galaxy Flip 8 នេះ មានការឌីស្សាញរូបរាងស្លីមជាងស្មាតហ្វូនអេក្រង់បត់ Fold 7 ថែមទៀតផង។ បើមើលទៅលើស្មាតហ្វូន Galaxy Z Flip 7 បង្ហាញខ្លួននៅក្នុងខែកក្កដាឆ្នាំ 2025 នេះ ហើយក្រុមហ៊ុន Samsung ក៏បានត្រៀមបង្ហាញស្មាតហ្វូន Galaxy Z Flip 8 នេះ នៅក្នុងពេលវេលាដូចគ្នាផងដែរ៕
Galaxy Z Flip 8 នឹងក្លាយជាស្មាតហ្វូនបត់បានដំបូងបំផុតដែលបំពាក់នូវបន្ទះឈីប 2nm