
នៅថ្ងៃនេះ យោងតាមការទម្លាយព័ត៌មានថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូងបានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip8 និង Z Fold8 ដែលត្រៀមធ្វើការប្រកាសចេញនៅឆ្នាំក្រោយនោះ នឹងមានភាពឆ្លាតវៃ ហើយនឹងមានការឌីស្សាញរូបរាងថ្មី កាន់តែមានភាពទាក់ទាញជាងជំនាន់មុនដែលធ្លាប់មាននៅលើទីផ្សារនាពេលកន្លងមក។ បើតាម Bell Korea បានបង្ហាញពីផែនការរបស់ Samsung 2026 MX (Mobile eXperience) ជាមួយគោលដៅលក់ស្មាតហ្វូនអេក្រង់បត់បានថ្មី Z Flip8 និង Fold8 អោយបាន 6.7 លានគ្រឿង ដែលមានចំនួនច្រើនជាងឆ្នាំមុន 10%។
ប្រភពខាងលើនេះបានបន្តថា ការឌីស្សាញទៅលើម៉ូដែលថ្មី Z Flip8 គឺនឹងមានការផ្លាស់ប្តូរ ប៉ុន្តែមិនមានការបញ្ជាក់ពីវត្តមានរបស់ Z Flip8 FE នោះទេ។ សម្រាប់ Galaxy Z Flip8 អាចនឹងមានរូបរាងថ្មី មានកម្រ៉ាស់ស្តើងជាងមុន។ បើតាមការបង្ហើបនៅក្នុងព័ត៌មាននេះ និយាយថា ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានមកម្រាស់ត្រឹមតែ 9.5 mm នៅពេលលាត ដែលស្តើងជាងមុន 30% ប្រៀបធៀបជាមួយនិងម៉ូដែលមុន Flip7 ដែលមានកម្រ់ាស់ដល់ទៅ 13.7 mm នៅពេលដែលលាតដូចគ្នា។

ប្រភពដដែលនេះបានបន្តថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានអេក្រង់គោលទំហំ 6.9 អ៊ីងដូចមុនដដែល។ ការឌីស្សាញកម្រ៉ាស់ស្តើងបែបនេះ ក្រុមហ៊ុនមានគោលដៅចង់អោយអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការទុកដាក់តាមខ្លួន។ Galaxy Z Fold8 នឹងមានការប្រើប្រាស់អេក្រង់ AMOLED មានពន្លឺខ្ពស់ជាងមុននេះ ហើយនឹងមានការទ្រទ្រង់ជាមួយ S Pen ទៀតផង។ អ្វីដែលគួរអោយស្តាយនោះ គឺអ្នកទម្លាយរូបនេះ មិនបានបញ្ចេញនូវគំរូឌីស្សាញស្មាតហ្វូនអេក្រង់បត់បាន Z Fold8 នេះនៅឡើយទេ។

ជាមួយនិងស្មាតហ្វូនអេក្រង់បត់ 3 តង់ TriFold វិញត្រូវបានគេរាយការណ៌ថា អាចនឹងបង្ហាញខ្លួនជាមួយនិងចំនួនកំណត់ ខណៈដែល Galaxy S26 series នៅមិនទាន់មានការបញ្ជាក់ពីគោលដៅចំនួននៃការដាក់លក់ជាក់លាក់នៅឡើយទេ។ សម្រាប់ Z Flip8 និង Fold8 នឹងមាននាំមកនូវបទពិសោធន៌ថ្មីៗកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់។
