
នៅថ្ងៃទី 10 ខែកក្កដា ខាងមុខនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រារព្ធព្រឹត្តិការណ៌ Galaxy Unpacked event បង្ហាញចេញនូវវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 និង Z Flip 6។ បើតាមរបាយការណ៌កន្លងមក បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បាននឹងកំពុងធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មីមួយទៀត Galaxy Z Fold 6 Ultra ប៉ុន្តែម៉ូដែលនេះ គឺអាចនឹងមានការដាក់លក់ផ្តាច់មុខតែនៅលើទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ។
ខណៈដែលមិនទាន់មានការទម្លាយព័ត៌មាននានាពីស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Ultra នៅឡើយនោះ នៅពេលនេះ មានរបាយការណ៌ថ្មីបានទម្លាយចេញនូវព័ត៌មានរបស់ស្មាតហ្វូន Galaxy Z Fold 6 Slim ថែមទៀតហើយ។ ប្រភពខាងលើនេះ បានទម្លាយពីឈ្មោះស្មាតហ្វូនអេក្រង់បត់បានថ្មីដែលមានឈ្មោះថា Slim ហើយថែមទាំងមានមានការទម្លាយពីទំហំអេក្រង់ និងតម្លៃរបស់ស្មាតហ្វូននេះថែមទៀតផង។
ជាមួយគ្នានេះបើតាមការទម្លាយពីអ្នកវិភាគរបស់លោក Ross Young ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Samsung មានគម្រោងនឹងបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មីមួយដែលឈ្មោះថា Galaxy Z Fold 6 Slim ថែមទៀតហើយ។ អ្នកវិភាគរូបនេះ បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Fold 6 Slim នឹងមានអេក្រង់ទំហំប៉ុនគ្នាជាមួយនិងម៉ូដែលស្តង់ដារ Fold 6។ ការបែកធ្លាយនេះ ថែមទាំងបានបង្ហាញថា ស្មាតហ្វូននេះ អាចនឹងមានការដកចេញនូវប៊ិក S Pen ហើយនិងមានតម្លៃដូចគ្នាជាមួយនិងម៉ូដែលស្តង់ដារ Fold 6 អញ្ចឹង។
លោក Young បានបញ្ជាក់ទៀតថា ការនាំចេញស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅត្រីមាសទី 4 ឆ្នាំនេះហើយ។ ក្នុងនោះក៏មានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏អាចនឹងបង្ហាញវត្តមានជាមួយនិង Galaxy S25 series ក៏ថាបាន។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ អាចនឹងមានលក់ជាផ្លូវការនៅលើទីផ្សារនាត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខ។

ទាក់ទងនឹងព័ត៌មាននេះ អ្នកទម្លាយ Ice Universe ក៏បានបញ្ជាក់ថា Galaxy Z Fold 6 Slim នឹងមានអេក្រង់ខាងក្នងទំហំ 8-អ៊ីង និងអេក្រង់ខាងក្រៅមានទំហំ 6.5-អ៊ីង។ សម្រាប់ការឌីស្សាញរូបរាងម៉ូដែល Slim នេះ ត្រូវបានគេនិយាយថា ស្មាតហ្វូននេះ អាចនឹងរូបរាងខុសពីស្មាតហ្វូន Z Fold 6។ មានការបញ្ជាក់ថា ម៉ូដែល Slim អាចនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ផងដែរ។ សូមជំរាបថា ថ្មីៗនេះក៏មានការទម្លាយថា Samsung ក៏នឹងមានការបង្ហាញចេញនូវម៉ូដែលថ្មីមួយឈ្មោះថា Galaxy Z Fold 6 FE ដូចគ្នា។
