ស្វែងរកពួកយើង:

Galaxy Z Fold 6 Slim និង Galaxy Tab S10 Series អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយទៀតក្នុងខែតុលាខាងមុខនេះ

ដោយ

Koun Jab Luffy

25 កក្កដា 2024 02:45 រសៀល

អាន 2 នាទី

Article image
Samsung គឺជាក្រុមហ៊ុនដ៏ធំមួយដែលតែងតែទម្លាយនូវការព្យាករណ៍សម្រាប់ព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីៗរបស់ខ្លួនជារៀងរាល់ឆ្នាំ។ ហើយសម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះបានប្រកាសចេញនូវស្មាតហ្វូន Galaxy S Series នៅក្នុងត្រីមាសទី 1 ក៏បានបន្តមានព្រឹត្តិការណ៍ Unpacked លើកទី 2 នៅក្នុងត្រីមាសទី 3 ដែលជាការប្រកាសបង្ហាញនូវស្មាតហ្វូនបត់បានថ្មីរបស់ខ្លួន។ នៅពេលនេះ មានការបែកធ្លាយថ្មីមួយបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីនៅក្នុងព្រឹត្តិការណ៍ទី 3 របស់ខ្លួននៅក្នុងឆ្នាំនេះ។
បើតាមអ្នកទម្លាយ Ice Universe ដែលបានបង្ហោះនៅលើ Weibo បានបង្ហាញអោយដឹងថា ក្រុមហ៊ុន Samsung នឹងមានការរៀបចំនូវព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីមួយទៀតនៅក្នុងខែតុលាខាងមុខ។ អ្នកទម្លាយរូបនេះបន្តថា ព្រឹត្តិការណ៍នេះអាចនឹងមានការបង្ហាញនូវថេប្លេត Galaxy Tab S10 series (Tab S10+ និង Tab S10 Ultra) និងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 Slim ឬ Galaxy W25 ដែលដាក់លក់ផ្តាច់មុខតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ស្មាតហ្វូនបត់បាន Galaxy Z Fold 6 Slim នេះ ក៏ស្ថិតនៅក្នុងប្រធានបទនៃការពិភាក្សានៅក្នុងមួយរយៈនេះ។ ស្មាតហ្វូននេះ នឹងមានកម្រាស់ស្តើងជាងស្មាតហ្វូន  Z Fold 6 ដែលវាងាយស្រួលក្នុងការដាក់នៅក្នុងហោប៉ៅ ។
ប្រភពកន្លងមកធ្លាប់បានរាយការណ៌ថា ដើម្បីអាចសម្រេចបាននូវកម្រាស់ស្តើងបែបនេះ ក្រុមហ៊ុន Samsung អាចនឹងបោះ បង់ចោលនូវរន្ធសម្រាប់ដាក់នូវប៊ិច S Pen ផងដែរ។ ស្មាតហ្វូនបត់បាននេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3 ចេញពីស្មាតហ្វូន Galaxy Z Fold 6។ ស្មាតហ្វូន Samsung Galaxy Z Fold 6 Slim នេះអាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារមួយចំនួន។ មើលទៅលើការបែកធ្លាយរបស់អ្នកទម្លាយ Ice Universe បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េ ខណៈពេលដែលទីផ្សាររបស់ប្រទេសចិនគឺជាស្មាតហ្វូន Galaxy W25 ។
Article image
បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏អាចនឹងមានថេប្លេត Galaxy Tab S10 series ជំនាន់ថ្មីផងដែរ ដោយសារតែមួយរយៈនេះ ថេប្លេត Flagship នេះក៏មានការផ្សព្វផ្សាយអស់ពេលជាច្រើនខែផងដែរ។ ថេប្លេតនេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9300+ ជំនួសអោយបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ដែលបានប្រើប្រាស់នៅលើថេប្លេត Galaxy Tab S series ជាច្រើនម៉ូដែលរួចហើយ។ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់អំពីព័ត៌មានលម្អិតនោះទេរហូតដល់ព្រឹត្តិការណ៍នៅក្នុងខែតុលានេះ៕
Galaxy Z Fold 6 Slim និង Galaxy Tab S10 Series អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយទៀតក្នុងខែតុលាខាងមុខនេះ