
កាលពីដើមខែនេះ ក្រុមហ៊ុន Samsung បានសម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 នៅក្នុងព្រឹត្តិការណ៌ Galaxy Unpacked event។ ប៉ុន្តែសម្រាប់ម៉ូដែល Galaxy Z Fold 6 Ultra ដែលធ្លាប់លឺកន្លងមកគឺក្រុមហ៊ុននេះមិនបានបង្ហាញចេញនោះទេ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺអាចនឹងមានលក់តែនៅលើទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះត្រូវបានគេរំពឹងថា នឹងប្រកាសចេញនៅខែតុលាខាងមុខនេះហើយ។
នៅពេលនេះ យោងតាមរបាយការណ៌ថ្មីមួយចេញពី GalaxyClub បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺបាននឹងកំពុងតែធ្វើការអភិវឌ្ឍហើយថែមទាំងបញ្ជាក់ថា មានលេខម៉ូដែល SM-F958N ទៀតផង។ ប្រភពខាងលើនេះបន្តថា សម្រាប់លេខម៉ូដែលនេះ គឺមានសំគាល់ដោយអក្សរសម្រាប់ទីផ្សារនិមួយៗ។ សម្រាប់ “N” គឺសម្រាប់ទីផ្សារកូរ៉េខាងត្បូង និងប្រទេសចិនគឺមានអក្សរ “0”។

របាយការណ៌ដដែលនេះបន្តថា សម្រាប់ firmware របស់លេខម៉ូដែល SM-F958N នេះ គឺមានការប្រើប្រាស់ជាមួយកូដកូរ៉េខាងត្បូង ដែលមានដូចជា KOO, KTC, SKC, LUC ដែលអាចដំណើរការជាមួយនិង KT roaming, SK Telecom និង LG U+។ ក្រៅពីទីផ្សារកូរ៉េខាងត្បូង ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិនផងដែរ។ បើតាម Allround-PC បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានដែលមានរាងដូចជា book-style របស់ក្រុមហ៊ុន Samsung គឺនឹងមានឈ្មោះថា Galaxy Z Fold 6 Ultra។
