
Galaxy Z Fold series គឺជាស្មាតហ្វូនអេក្រង់បត់បាន ដែលមានការឌីស្សាញទម្រង់ផ្តេកដូចជាជាសៀវភៅ មានភាពទាន់សម័យ និងមានការពេញនិយមខ្លាំងបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ គិតចាប់តាំងពីការវត្តមានរបស់ស្មាតហ្វូននេះមក ឃើញថា អ្នកប្រើប្រាស់មួយចំនួនបានលើកឡើងពីទម្ងន់ និងកម្រាស់របស់ស្មាតហ្វូនអេក្រង់បត់នេះថា គឺធ្ងន់ និងក្រាស់ជាងគូរប្រជែង។ បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា ស្មាតហ្វូន Galaxy Z Fold គឺពិតជាមានទម្ងន់ធ្ងន់ និងរូបរាងក្រាស់បើធៀបជាមួយនឹងស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀត។
បើមើលទៅលើស្មាតហ្វូនបត់បាន Galaxy Z Fold 5 ដែលមានវត្តមានកាលពីឆ្នាំមុននេះ គឺមានទម្ងន់ 253g ហើយនិងមានកម្រាស់ដល់ទៅ 13.4mm។ ប្រសិនបើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន OnePlus Open និង Huawei Mate X5 គឺពិតជាខុសគ្នាឆ្ងាយណាស់ ដោយស្មាតហ្វូនទាំងនេះ មានទម្ងន់ 239g និង 243g ខណៈដែលកម្រ៉ាស់គឺត្រឹមតែ 11.7mm និង11.1mm ប៉ុណ្ណោះ។ យោងតាមការវិវត្តន៍ចុងក្រោយនេះ បាននិយយាថា ក្រុមហ៊ុន Samsung ក៏បានធ្វើការនៅលើការពង្រឹងទៅលើទម្ងន់ និងកម្រ៉ាស់កាន់តែប្រសើរទៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6។

យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Ice Universe ដែលបង្ហោះនៅលើបណ្តាញ X បានអោយដឹងថា ស្មាតហ្វូន Galaxy Z Fold 6 ថ្មីនេះ អាចនឹងមានទម្ងន់ 239g ហើយនិងមានកម្រ៉ាស់ 12.1mm នៅពេលដែលបត់ និងបើកកម្រាស់ 5.6mm។ នេះមានន័យថា ស្មាតហ្វូននេះ នឹងមានទម្ងន់ស្រាលជាងមុនដល់ទៅ 14g និងស្តើងជាងមុនដល់ទៅ 1.3mm បើធៀបទៅនឹងម៉ូឌែលជំនាន់មុននេះ។
ស្មាតហ្វូន Galaxy Z Fold 6 នេះ នឹងការឌីស្សាញទម្រង់ដូចគ្នាទៅនឹងស្មាតហ្វូន OnePlus Open និង OPPO Find N3 បើមើលទៅលើទម្ងន់ និងកម្រាស់របស់វា។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ការផ្លាស់ប្តូរទៅលើទម្ងន់នេះនឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍ប្រសើរនៅពេលដែលកាន់ទៅលើស្មាតហ្វូននេះ។ អ្នកទម្លាយនេះបានទម្លាយអំពីលក្ខណៈលម្អិតនៃអេក្រង់ខាងក្នុង និងខាងក្រៅរបស់ស្មាតហ្វូននេះផងដែរ។

អ្នកទម្លាយរូបនេះ បានអះអាងទៀតថា ស្មាតហ្វូន Galaxy Z Fold 6 នេះគឺមានអេក្រង់ខាងក្នុងទំហំ 7.6-អ៊ីង ជាមួយនឹងកម្រិត 7:6 ratio និងអេក្រង់ខាងក្រៅទំហំ 6.3-អ៊ីង ជាមួយនឹងកម្រិត 22:9 ratio។ បើមើលទៅលើស្មាតហ្វូន Galaxy Z Fold 5 នេះ មានអេក្រង់ខាងក្នុងទំហំ 7.6-អ៊ីង ជាមួយនឹងខ្នាត 5:6 ratio ខណៈពេលដែលអេក្រង់ខាងក្រៅគឺមានទំហំ 6.2-អ៊ីង និងខ្នាតកម្រិត 23.1:9 ratio។ នេះមានន័យថា អេក្រង់ខាងក្នុងរបស់ស្មាតហ្វូន Galaxy Z Fold 6 នេះ មានទំហំដូចទៅនឹងស្មាតហ្វូន Galaxy Z Fold 5 ដែរ ប៉ុន្តែមានកម្រិត aspect ratio ខ្លីជាងមុន៕
